ធនាគារ ព្រីនស៍ បើកសម្ពោធសាខាថ្មីក្នុងតំបន់ទួលគោក ដើម្បីផ្តល់ជូនការចូលរួម និងសេវាកម្មអតិថិជនកាន់តែប្រសើរ
ភ្នំពេញ ៖ ធនាគារ ព្រីនស៍ បានប្រកាសបើកសម្ពោធសាខាថ្មីនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក នៅជាន់ផ្ទាល់ដីនៃអគារ ធីខេ ស្តារ អ៊ីធើណេសិនណល នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ដើម្បីផ្តល់ជូនការចូលរួម និងសេវាកម្មអតិថិជនកាន់តែប្រសើរ ស្របតាមយុគសម័យបច្ចេកវិទ្យាកំពុងមានការរីកចម្រើន និងវិវឌ្ឍឥតឈប់ឈរ ។
លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានថ្លែងមតិថា “គិតមកដល់ពេលនេះ ធនាគារ ព្រីនស៍ ម.ក បានផ្តល់សេវាកម្មជូនប្រជាជនកម្ពុជា និងដំណើរការអស់ រយៈពេលជិត ៤ឆ្នាំមកហើយ ដែលយើងបានសម្រេចនូវសមិទ្ធិផលជាច្រើន។
កាលពីឆ្នាំ២០១៨ យើងមានសាខាចំនួនត្រឹមតែ ០៩ទីតាំងតែប៉ុណ្ណោះ ហើយថ្ងៃនេះបានប្រកាស និងប្រារព្ធពិធីសម្ពោធជាផ្លូវការនូវធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌទួលគោក ដែលជាសាខាទី៣៣ របស់យើង។”
លោកបានមានប្រសាសន៍បន្ថែមទៀតថា “សាខាធនាគារនៅពេលបច្ចុប្បន្ន មានភាពខុសគ្នាពីសម័យមុន ដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យា ជាមួយនឹងការប្រើប្រាស់កម្មវិធីសេវាធនាគារតាមទូរស័ព្ទ សេវាធនាគារតាមអ៊ីនធើណិត និងម៉ាស៊ីនអេធីអឹម តួនាទីរបស់សាខាធនាគារបានវិវត្តទៅជាកន្លែងដែលភ្ជាប់ទំនាក់ទំនងរវាងមនុស្សក្នុងពេលធ្វើប្រតិបត្តិការធនាគារ។
ក្រៅពីការធ្វើប្រតិបត្តិការធនាគារ សាខាធនាគារនឹងដើរតួនាទីកាន់តែសំខាន់ក្នុងការបម្រើសេវាកម្មផ្សេងៗ ដូចជាសេវាធនាគារអាទិភាព ការដាក់ពង្រាយបុគ្គលិកជំនាញសម្រាប់ផលិតផលដែលមានភាពស្មុគស្មាញ ដូចជា ផលិតផលប៊េងកាសូរេន ការទាក់ទងនឹងការចូលរួមនៃម៉ាកយីហោ (Brand Engagement) ដែលម៉ាកយីហោមានភាពរស់រវើក និងជាកន្លែងសម្រាប់ទំនាក់ទំនង ដោយផ្ទាល់រវាងមនុស្សនៅក្នុងសហគមន៍មូលដ្ឋាន។
ដូច្នេះហើយ បើទោះបីជាយើងអាចសម្របខ្លួនបានយ៉ាងរហ័សទៅនឹងប្រព័ន្ធធនាគារឌីជីថលអនឡាញក៏ដោយ ក៏យើងនៅតែមានតម្រូវការចាំបាច់ក្នុងការមកកាន់សាខាធនាគារដោយផ្ទាល់ផងដែរ។ ធនាគារ ព្រីនស៍ បានធ្វើការយ៉ាងសកម្មបំផុត ដើម្បីក្លាយជាធនាគារឌីជីថលឈានមុខ ហើយមានបំណងយ៉ាងមុតមាំក្នុងការក្លាយជាធនាគារជម្រើសទី១សម្រាប់ប្រជាជនកម្ពុជា។
ដើម្បីសម្រេចបាននូវគោលដៅនេះ ធនាគារ ព្រីនស៍ បានបន្ត និងប្តេជ្ញាក្នុងការពង្រីកយុទ្ធសាស្រ្តភាពជាដៃគូ និងពង្រឹងប្រព័ន្ធអ៊ីកូទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ពេញលេញ និងទាន់សម័យ ជាមួយនឹងការថែទាំពិសេសប្រកបដោយវិជ្ជាជីវៈ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់អតិថិជនមានស្រាប់ និងអតិថិជនសក្តានុពល។
នៅពាក់កណ្តាលឆ្នាំកន្លងទៅនេះ ធនាគារ ព្រីនស៍ បានដាក់ដំណើរការផលិតផល និងសេវាកម្មថ្មីៗសំខាន់ៗជាច្រើនសម្រាប់អតិថិជនរបស់យើង ដែលរួមមាន ផលិតផលប៊េងកាសូរេន ជាមួយក្រុមហ៊ុនធានារ៉ាប់រង អេអាយអេ ប័ណ្ណឥណទានអន្តរជាតិ UnionPay សេវាផ្ទេរប្រាក់Ria និងការទូទាត់ប្រាក់ឆ្លងធនាគារតាមរយៈKHQR ព្រមទាំងផលិតផល និងសេវាកម្មជាច្រើនទៀត។
ក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន សុវណ្ណានរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ធនាគារ ព្រីនស៍ ម ក ជាពិសេសការគាំទ្រក្នុងការពង្រីកអាជីវកម្ម ប្រតិបត្តិការវិស័យធនាគារ របស់ខ្លួន ជាបន្តបន្ទាប់ ។
ក្នុងនាម ថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ធនាគារ ព្រីនស៍ ម ក នឹងនាំមកនូវបច្ចេកវិទ្យាទំនើប និងសមទ្ធិផល សេវាហិរញ្ញវត្ថុថ្មីៗ កាន់តែសម្បូរបែប ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីបន្តការអភិវឌ្ឍ វិស័យធនាគារនៅកម្ពុជា ឱ្យកាន់រីកចំរើនទ្វេរឡើង ៕ ដោយ៖ គ្រី សម្បត្តិ