មន្រ្តីអាមេរិក៖ កិច្ចប្រជុំ G20 នឹងមិនអាចដំណើរការដូចធម្មតាទេ ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
វ៉ាស៊ីនតោន៖មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបានលើក ឡើងថា កិច្ចប្រជុំ G20 នៅក្នុងសប្តាហ៍នេះរបស់ក្រុមរដ្ឋមន្ត្រី ការបរទេស នៅ ឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី នឹងមិនអាចដំណើរការ ដូចធម្មតាទេ ដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
មន្ត្រីអាមេរិករូបនេះបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ធ្វើឱ្យ ប្រាកដ ថា ក្រុមប្រទេស G20 នឹងមិនផ្តល់ភាពស្របច្បាប់ដល់ អ្វី ដែលរុស្ស៊ីកំពុងធ្វើនៅអ៊ុយក្រែននោះទេ ហើយថា កិច្ចប្រជុំនេះនឹង ក្លាយជាឱកាសដ៏ល្អមួយ ដើម្បីជំរុញរបៀបវារៈសន្តិសុខស្បៀង ឱ្យដំណើរការទៅមុខ។
បើតាមមន្ត្រីអាមេរិកដដែលនេះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន នឹងរៀបចំកិច្ចប្រជុំត្រីភាគីជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង ហើយថា ជំនួបរបស់លោក ប្លីងគែន ជាមួយរដ្ឋមន្ត្រី ការបរទេសចិនលោក វ៉ាង យី នឹងផ្តោតសំខាន់អំពីការ គ្រប់គ្រងទំនាក់ ទំនងរបស់ប្រទេសទាំងពីរប្រកបដោយការទទួលខុសត្រូវ។
ប្រធានបទសំខាន់ៗត្រូវបានគេរំពឹងថា នឹងផ្តោតលើស្ថានភាព នៅ អ៊ុយក្រែន ហើយក្នុងអំឡុងសម័យប្រជុំមួយនៅថ្ងៃសុក្រសប្តាហ៍នេះ អ្នកចូលរួមទំនងជានឹងពិភាក្សាអំពីការឆ្លើយតបចំពោះការកើនឡើងតម្លៃថាមពលនិងការកើនឡើងនៃការព្រួយបារម្ភអំពីវិបត្តិស្បៀងអាហារសកល៕
ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា