ថ្នាក់ដឹកនាំវិទ្យាល័យទួលស្វាយព្រៃ និងសិស្សានុសិស្សប្តេជ្ញាគាំទ្រការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣
ក្នុងនាមថ្នាក់ដឹកនាំវិទ្យាល័យទួលស្វាយព្រៃ លោកនាយករង កើត ស្រួច រួមទាំងសិស្សានុសិស្សជាច្រើនបានប្តេជ្ញាចិត្តចូលរួមគាំទ្រដល់ដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាឲ្យកាន់តែទូលំទូលាយ តាមរយៈការចែករំលែកទៅកាន់មិត្តភក្ត្រ និងក្រុមគ្រួសារ។
នៅក្នុងកម្មវិធីបញ្រ្ជាបការអប់រំគុណតម្លៃអូឡាំពិក និងការផ្សព្វផ្សាយឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ លោកនាយករងបានបង្ហាញនូវក្តីរីករាយចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានរៀបធ្វើកម្មវិធីនៅវិទ្យាល័យទួលស្វាយព្រៃ ក៏ដូចជាចែករំលែកចំណេះដឹងពីគុណតម្លៃនៃកីឡាទៅកាន់សិស្សានុសិស្សរបស់លោក ដើម្បីចូលរួមគាំទ្រជាមួយគ្នាឆ្ពោះទៅរៀបចំព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ។ លោកប្តេជ្ញាចិត្តថា វិទ្យាល័យទួលស្វាយព្រៃបើកបេះដូងដោយក្តីរីករាយចំពោះកិច្ចសហការ នាពេលខាងមុខជាបន្តបន្ទាប់ទៀត។
លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC និងជាគ្រូឧទ្ទេសប្រចាំវគ្គនេះបានអះអាងថា ក្រុមការងារ NOCC នឹងបន្តពង្រីកការផ្សព្វផ្សាយយុទ្ធនាការសំខាន់ៗទាំងនេះជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិ CAMSOC ដើម្បីប្រមូលការចូលរួមគាំទ្របន្ថែមពីប្រជាពលរដ្ឋ និងយុវជនឲ្យបានទូលំទូលាបន្ថែមទៀត ពីព្រោះថា ព្រឹត្តិការណ៍កីឡាជាកំណត់ត្រាប្រវត្តិសាស្ត្រនេះ គឺជារបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។
បន្ថែមពីលើនេះ លោកទីប្រឹក្សារូបនេះអះអាងទៀតថា NOCC នឹងចូលរួមផ្សព្វផ្សាយជាបន្តបន្ទាប់ទៀត ជាពិសេស នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នាចុងឆ្នាំ២០២២ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺក្រុមការងារផ្សព្វផ្សាយនឹងរៀបចំកម្មវិធីផ្សព្វផ្សាយ នៅក្នុងព្រឹត្តិការណ៍កីឡាលក្ខណៈហ្គេមដ៏ធំរៀងរាល់២ឆ្នាំម្តងមួយនេះឲ្យកាន់តែទូលំទូលាយបន្ថែម។ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះមានគោលបំណងចម្បងឆ្ពោះទៅទទួលរៀបំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដូច្នេះពេលនោះនឹងមានប្រតិភូកីឡាមកពី២៥រាជធានីខេត្តចូលរួមប្រកួត ហើយក៏មានមហាជន យុវជនចូលរួមគាំទ្រ ដោយនេះជាឱកាសដ៏ល្អ ក្នុងការផ្សព្វផ្សាយពីយុទ្ធនាការសំខាន់ៗទាំងនេះជូនដល់ពួកគាត់ផងដែរ៕ ស្រីរុំ