ធនាគារ (PPC Bank) ប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាធនាគារ ឲ្យកាន់តែខិតជិតអតិថិជនក្នុងខេត្តសៀមរាប
សៀមរាប ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ ដោយស្របតាមយុទ្ធសាស្ត្រពង្រីកវិសាលភាពនៃការនាំយកសេវាធនាគារឲ្យកាន់តែខិតជិតអតិថិជន ធនាគារ (PPC Bank) បានប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនូវអគារថ្មីដ៏ទំនើប នៅក្នុងតំបន់ទេសចរណ៍នៃខេត្តសៀមរាប។ ការផ្លាស់ប្ដូរទីតាំងចាស់មក កាន់ទីតាំងថ្មីនេះ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ២៧៥ ផ្លូវជាតិលេខ៦ ភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ អគារថ្មីនេះ ត្រូវបានសាងសង់ឡើងតាមស្ដង់ដារ អន្តរជាតិ ជាមួយនឹងទីកន្លែងសម្រាប់បម្រើសេវាអតិថិជន និងចំណតយានយន្តធំទូលាយ ដែលបង្កភាព ងាយស្រួលជាងមុនដល់អតិថិជន។
ថ្លែងនៅក្នុងពិធីសម្ពោធអគារថ្មីនេះ លោក Baek Jongil នាយកប្រតិបត្តិនៃធានាគារភ្នំពេញពាណិជ្ជ (PPC Bank) សាខាខេត្តសៀមរាប មានប្រសាសន៍ថា “ដោយសារតែអតិថិជនរបស់យើងមានការកើនឡើងជាលំដាប់នៅទូទាំងប្រទេសកម្ពុជា ហេតុដូច្នេះហើយយើងតែងតែរិះរកមធ្យោបាយថ្មីៗ ដើម្បីបម្រើសេវាជូនអតិថិជនឲ្យកាន់តែមានភាពល្អប្រសើរឡើង។ យើងជឿជាក់ថា ការផ្លាស់ប្ដូរទីតាំងសាខារបស់យើងនៅក្នុងខេត្តសៀមរាបនេះ នឹងធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលមួយកម្រិតថែមទៀត ក្នុងការធ្វើប្រតិបត្តិការធនាគារជាមួយយើងប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់។ អគារការិយាល័យថ្មីរបស់ធនាគារ (PPC Bank) ក្នុងខេត្តសៀមរាប មានការរចនាផ្ទៃខាងក្នុងភ្លឺ និងទំនើប ជាមួយនឹងសាលសេវាកម្មធំទូលាយជាងមុន ព្រមទាំងត្រូវបានយកចិត្តទុកដាក់ខ្លាំងលើការរក្សាសន្តិសុខ និងសុវត្ថិភាព។
លោក ប៊ែក ជុង អ៊ីល បនបន្តទៀតថា ចំពោះអតិថិជនរបស់ធនាគារ (PPC Bank) មិនត្រឹមតែទទួលបានផលប្រយោជន៍ពីទីតាំងថ្មីនេះ ប៉ុណ្ណោះទេ តែបុគ្គលិកដែលទទួលការបណ្ដុះបណ្ដាលយ៉ាងល្អនៅសាខាខេត្តសៀមរាបនេះ ក៏ទទួលបាន បរិយាកាសការងារដែលមានផាសុកភាព និងការអភិវឌ្ឍចំណេះដឹង និងជំនាញ ដើម្បីបំពេញការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។
គួរបញ្ជាក់ថា ឌីជីថលភាវូបនីយកម្មបាននិងកំពុងជំរុញឲ្យធនាគារ PPC Bank កាន់តែវិវឌ្ឍទៅមុខជានិច្ច ហើយការិយាល័យថ្មីនេះ គឺស្តែងឲ្យឃើញពីភាពរឹងមាំ និងការអភិវឌ្ឍឥតឈប់ឈររបស់ធនាគារ (PPC Bank)។ យើងបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីធានាថារាល់សេវាកម្មទាំងអស់ របស់ធនាគារ (PPC Bank) នឹងត្រូវបានធ្វើប្រតិបត្តិការដោយរលូន ងាយស្រួល និងឆាប់រហ័ស។ ធនាគារ (PPC Bank) រំពឹងថា ទីតាំងថ្មីនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្មក្នុងស្រុក ក្នុងខេត្តសៀមរាប ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម តាមរយៈការផ្ដល់ដើមទុនប្រាក់កម្ចីទៅតាមប្រភេទអាជីវកម្មរបស់អតិថិជន ការផ្តល់ហិរញ្ញប្បទានរយៈពេលវែង និងដំណោះស្រាយហិរញ្ញវត្ថុ ពាណិជ្ជកម្ម បន្ថែមពីលើសេវាកម្មថ្មីៗក្នុងកម្មវិធី (smart Biz) ដែលទើបតែដាក់ឲ្យដំណើរការកាលពីដើមឆ្នាំនេះផងដែរ ។
ធានាគារ (PPC Bank) បានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាំងពីខែកញ្ញា ឆ្នាំ២០០៨ ធនាគារ (PPC Bank) គឺជាធនាគារ ពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលកំពុងបើកដំណើរការនៅ ២៣សាខា ជាមួយនឹងទូ ATM ចំនួន ៧០ទីតាំង នៅជុំវិញទីក្រុងភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួន ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារគ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់៕ ដោយ ស៊ាន សុផាត