បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត បណ្ឌិតហ៊ុន ម៉ាណែត ប្តេជ្ញាធានាការបន្តអភិវឌ្ឍនៅតំបន់ព្រំដែន និងកែប្រែតំបន់អតីតសមរភូមិ ឱ្យក្លាយជាតំបន់សុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច
ខេត្តព្រះវិហារ ៖ ប្រសាសន៍របស់ បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែង ដោយសម្តែងទឹកចិត្តចូលរួមអបអរសាទរ ចំពោះការសម្ពោធឆ្លងសំណង់ព្រះវិហារថ្មី រួមនឹងសមិទ្ធផលនានាជាច្រើននៅក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ហើយលក្ខណៈពិសេសរបស់ទីអារាមនេះ គឺស្ថិតនៅក្នុងតំបន់ដែលកាលពីអតីតកាល គឺជាតំបន់គ្មានប្រជាជនរស់នៅ, គ្មានហេដ្ឋារចនាសម្ព័ន្ធ និងសំបូរទៅដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ប៉ុន្តែ សព្វថ្ងៃ មានវត្តអារាម, សាលារៀន, មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត បម្រើឱ្យសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាផ្នែកមួយនៃការការពារ នូវកេរ្តិ៍ដំណែលបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលមានតម្លៃលេចធ្លោជាសកល ព្រមជាមួយនឹងការបង្កើតនូវសុខដុមនីយកម្ម រវាងប្រាសាទបុរាណ បរិស្ថាន និងសហគមន៍ប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពិធីនេះបានប្រព្រឹត្តិទៅ ស្របពេលនឹងការប្រារព្ធពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយឯកឧត្តមបានយកឱកាសនេះ សម្តែងនូវការគោរពដឹងគុណ ថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធរបស់ អតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ដែលបានកសាង និងបន្សល់ទុកនូវស្នាដៃជាប្រវត្តិសាស្ត្រដ៏ច្រើនអនេក និងថ្វាយចំពោះ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានបំពេញព្រះរាជបូនីយកិច្ច តស៊ូទាមទារ រហូតឈ្នះក្តីនៅតុលាការអន្តរជាតិទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ព្រមទាំងគោរពជូនចំពោះវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ដែលបានចូលរួមចំណែកដ៏ធំធេង ក្នុងដំណើរការនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ការពារបូរណភាពទឹកដី ដោយមិនឱ្យបាត់បង់សូម្បី ១ មីលីម៉ែត្រ ហើយក៏មិនរំលោភបំពានប្រទេសជិតខាងសូម្បី ១ មីលីម៉ែត្រដូចគ្នា និងប្តេជ្ញាធានាការបន្តអភិវឌ្ឍនៅតំបន់ព្រំដែន និងកែប្រែតំបន់អតីតសមរភូមិ ឱ្យប្រែក្លាយជាតំបន់ពោរពេញដោយសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា សម្តេចតេជោ នឹងនៅបន្តដឹកនាំធានាការពារដាច់ខាត នូវបូរណភាពរបស់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដែលជាកេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រ ព្រមជាមួយនឹងការបន្តខិតខំថែរក្សាអភិរក្ស ស្របតាមបទដ្ឋានបច្ចេកទេសរបស់អង្គការ UNESCO។ ឯកឧត្តមថា ក្នុងទស្សនវិស័យប្រកបដោយយុទ្ធសាស្ត្រនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបើកឱកាសឱ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន បង្កើតជាភូមិឋាន ដោយបានរៀបចំជាតំបន់អភិវឌ្ឍន៍ ដែលមានការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន វត្តអារាម ផ្សារលក់ដូរ និងប្រព័ន្ធទឹកភ្លើង ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន។
ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានថ្លែង ចាត់ទុកស្ថានភាព នៃការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែនបែបនេះ បានដើរតួនាទីមួយយ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជន នៅជាប់តំបន់ព្រំដែនឱ្យបានស្និទ្ធស្នាល តាមរយៈសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ជាដើម។ ឯកឧត្តមថា ការកសាងពីចំណុចសូន្យដោយបាតដៃទទេ វាគឺជាការលំបាកណាស់ទៅហើយ ប៉ុន្តែការថែរក្សាដើម្បីធានាបាននូវចីរភាព នៃសមិទ្ធផលទាំងអស់នោះ គឺកាន់តែលំបាកខ្លាំងបំផុត ដូច្នេះសូមប្រជាជនកម្ពុជាទាំងនៅក្នុងមូលដ្ឋាននេះ ក៏ដូចជានៅទូទាំងប្រទេស សូមបន្តរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ ដើម្បីបន្តថែរក្សាការពារជាតិខ្មែរយើងឱ្យបានរីកចម្រើន និងស្ថិតនៅជាអមតៈសម្រាប់អ្នកជំនាន់ក្រោយតទៅមុខទៀត។
បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា គោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ជានិច្ចកាល គឺឈរលើបុព្វហេតុជាតិ និងប្រជាជន ជាកត្តាអាទិភាពខ្ពស់បំផុត ដូចដែលមានស្តែងឡើងតាមរយៈស្នាដៃប្រវត្តិសាស្ត្រជាច្រើន ជាអាទិ៍ ការចូលរួមចំណែកការពារដាច់ខាតនូវឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យប្រទេសកម្ពុជា ធ្លាក់ដល់ចំណុចសូន្យ និងការចូលរួមស្តារ កសាង និងអភិវឌ្ឍជាតិ ទាំងក្នុងដំណាក់កាលដ៏លំបាកបំផុត ក៏ដូចជាដំណាក់កាលសុខសន្តិភាព ដូចពេលបច្ចុប្បន្ន។
ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា លទ្ធិប្រជាធិបតេយ្យ គឺផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋ ជាអ្នកកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការចូលរួមបោះឆ្នោត ហើយប្រជាពលរដ្ឋទូទាំងប្រទេស ប្រមាណជាង ៨០ភាគរយ បានទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាសក្ខីភាពបង្ហាញថា កម្ពុជា កំពុងដើរតាមផ្លូវប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ជាពិសេស លទ្ធផល ក៏បានបង្ហាញផងដែរថា ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ បានបន្តផ្តល់ជំនឿទុកចិត្ត និងការគោរពស្រឡាញ់គាំទ្រចំពោះ សម្តេចតេជោ ហ៊ុន សែន និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តភារកិច្ចដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាព និងការរីកចម្រើនទៅមុខទៀត៕ ឡុង សំបូរ