បុណ្យឆ្លង កុដិ ដងទង់ ថ្នល់បេតុង របងវត្ត និងផ្លូវគ្រោះក្រហម ក្នុងវត្តរត្តនៈសុខសាន្ដ “អូខៃដន”
បន្ទាយមានជ័យ ៖ សមិទ្ធផលនានាជាច្រើនក្នុងបរិវេណវត្ត រត្តនៈ សុខសាន្ត “អូខៃដន” ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ រួមមាន កុដិ ដងទង់ ថ្នល់បេតុង របងវត្ត ព្រមទាំងផ្លូវក្រាលគ្រោះក្រហមប្រវែង ៥០០ម៉ែត្រ ត្រូវបានធ្វើពិធីបុណ្យឆ្លងជាផ្លូវការនាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន និងជាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា កាលពីដើមឡើយនៅតំបន់ វត្តអូរខៃដននេះ គឺជាតំបន់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ តែបច្ចុប្បន្ននេះដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ តំបន់នេះក្លាយជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ មិនថា ពុទ្ធចក្រ ឬអាណាចក្រ ដូចយើងមើលឃើញស្រាប់សមិទ្ធផលនានាដែលកំពុងធ្វើពិធីបុណ្យឆ្លង ក៏ដូចជាសមិទ្ធផលដែលកំពុងសាងសង់ ។
មានប្រសាសន៍ ក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនេះផងដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្ដេចទាំងពីរតែងតែនឹករលឹកខ្វាយខ្វល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសសម្ដេចតែងតែព្រួយបារម្មណ៍ពីបញ្ហាសុខុមាលភាព នៃជំងឺឆ្លងកូវីដ១៩ ដែលរយៈកន្លងមកបានសម្លាប់មនុស្សជាតិខ្មែរយើងទូទាំងប្រទេសប្រមាណជាង ៣០០០នាក់ តែបច្ចុប្បន្ននេះកម្ពុជាបានធូរស្រាលពីការឆ្លងរីករាលដាលនៃជំងឺនេះ ដោយសារប្រជាពលរដ្ឋយើងបានធ្វើការចាក់វ៉ាក់សាំងការពារគ្រប់ៗគ្នា ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសំដែងនូវការកោតសរសើរ អរព្រះគុណចំពោះព្រះតេជគុណ និងអរគុណ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជនទាំងអស់រួមសាមគ្គីគ្នា ផ្ដើមកសាងបានរួចរាល់ នូវសមិទ្ធផលជាច្រើនក្នុងបរិវេណវត្តអូខៃដននេះ សម្រាប់ព្រះសង្ឃបានប្រើប្រាស់ និងជាកន្លែងគោរពបូជា ជាទីសក្ការៈ ហើយក៏ជាចំណែកបុណ្យដ៏ធំមិនអាចកាត់ថ្លៃបាន។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ឱ្យបានគ្រប់ដូស ចាប់ពីអាយុ ៣ ឆ្នាំឡើងទៅ ព្រោះថាកូវីដ១៩ នៅមិនទាន់ផុតរលត់ទៅណាឆ្ងាយពីយើងនៅឡើយទេ ។ ចុងបញ្ចប់នៃកម្មវិធីគណៈធិបតីបានធ្វើការបំពាក់គ្រឿងឥស្សរៈយស មេដាយ ប័ណ្ណថ្លែងអំណរគុណ ប័ណ្ណសរសើរដល់ព្រះមន្ត្រីសង្ឃព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជន អាជីវករ ដែលមានសទ្ធាជ្រះថ្លាជួយកសាងនូវសមិទ្ធផលនានា និងបានចែកជូនអំណោយដល់តាជីយាយជី ៥០នាក់ ម្នាក់ៗទទួលបានកំណាត់សំពត់ស ១ដុំ និងថវិកាមួយចំនួន ៕ ដោយ៖ឃិន គន្ធា













