គ្រឿងញៀនជាង ២១គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល ក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តស្វាយរៀង
(ស្វាយរៀង)៖ គឿងញៀន ៦ប្រភេទមានចំនួន ២១,៣២០.៥៨ក្រាម ត្រូវបានដុតបំផ្លាញចោលនៅក្នុងពិធីអ បអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ដែលមានការចូលរួមពី ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលោក ឧត្តមសេណីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ពិធីអ បអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នេះបានធ្វើឡើងក្រោមប្រធានបទ”ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌” និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម សាលដីកា និងសេចក្តីសម្រេចរបស់សាលាដំបូង ខេត្តស្វាយរៀង និងខេត្តព្រៃវែង ។
ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដាក់ចេញនូវគោលដៅ មួយចំនួនក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តស្វាយរៀង ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀត នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀនពិសេសការចាត់តាំងអនុវត្តវិធានការទាំង៥ នៃយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ឲ្យបាន ម៉ឺងម៉ាត់បំផុត ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ច ដែលពាក់ព័ន្ធ ត្រូវបន្តធ្វើសកម្មភាពផ្សព្វផ្សាយអប់រំឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យមានការចូលរួម និងគាំទ្រពីគ្រប់សមាសភាពនៃសង្គម សំដៅធ្វើយ៉ាងណាឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការ ផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន ។
ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត រួមទាំងគណៈអធិបបានអញ្ជេីញដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅទីតាំងដែលរៀបចំជិតពិធីផងដែរ ៕ នុត នាង










