លោកជំទាវ ភឿង សកុណា ជំរុញដល់ក្រុមការងារទាំងអស់ត្រូវចុះឲ្យដល់មូលដ្ឋាន ដើម្បីដឹងសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងត្រូវដោះស្រាយចំណុចប្រឈមនានាឲ្យមានប្រសិទ្ធភាពខ្ពស់
ស្វាយរៀង ៖ លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយទាប ខេត្តស្វាយរៀង បានថ្លែងជំរុញដល់អាជ្ញាធរ និងក្រុមការងារទាំងអស់ត្រូវចុះឱ្យដល់មូលដ្ឋានដើម្បីដោះស្រាយទុកលំបាក ទាំងបញ្ហាប្រឈម និងសេវាតម្រូវការចាំបាច់នានា ដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ ។
ការថ្លែងបែបនេះរបស់ លោកជំទាវភឿង សកុណា បានធ្វើឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តន៍កម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នៅស្រុកស្វាយទាប នាព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ ដែលមានការចូលរួមពីក្រុមការងារ និងអ្នកដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ ។
លោកជំទាវ ភឿង សកុណា បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារក៏ដូចជាអាជ្ញាធរដែនដី ដែលបានខិតខំចុះមូលដ្ឋាននិងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ បានល្អប្រសើរ តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលតម្រូវឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ចុះមូលដ្ឋានឱ្យបានញឹកញាប់បន្ថែមទៀត ។
ជាមួយគ្នានេះលោកជំទាវក៏បានចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះ លោក លោកស្រីដែលជាប់ឆ្នោតជាមេឃុំនិងសមាជិកក្រុមប្រឹក្សាឃុំ អាណត្ដិទី៥ ទាំងអស់ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ដ និងកា រ គាំទ្រ ពី សំណា ក់ប្រ ជា ព លរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២កន្ល ង មកនេះ ដើម្បីបន្តដឹកនាំមូលដ្ឋានស្រុកស្វាយទាប ឱ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។
លោកជំទាវថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទង ជាមួយ ប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការ បែងចែក បក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការ គាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់។
លោកជំទាវបានថ្លែងណែនាំដល់អាជ្ញាធរ ត្រូវជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ៣ការពារ” ឱ្យបានជាប់ជាប្រចាំនិងត្រូវខិតខំណែនាំនិងជំរុញដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ(ដូសទី៣ទី៤និងទី៥) ឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសកម្មភាពសេដ្ឋកិច្ចសង្គម។
នៅក្នុងអង្គវេទិកានេះ ចំពោះបញ្ហាប្រឈមក៏ដូចជាកង្វល់នានាដែលប្រជាពលរដ្ឋលើកឡើង ត្រូវបានលោកជំទាវភឿង សកុណា និងក្រុមការងារបានដោះស្រាយ និងជំរុញឱ្យមន្ត្រីដែលពាក់ព័ន្ធទាំងអស់ត្រូវចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលានិងមានគណនេយ្យភាព តម្លាភាព ៕ នុត នាង











