មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបញ្ជាក់ពីការលុបឈ្មោះគណបក្សអនាគតជាតិ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះគណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយបង្កើតនៅក្រសួងមហាផ្ទៃ តាមបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។ នេះបើយោងតាមប្រកាសចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ដែល AMS ទទួទលបាន។
លោក ឈឹម កាន អគ្គនាយករង និងជាប្រធាននាយកដ្ឋនាកិច្ចការសមាគម និងគណបក្សនយោបាយ បានបញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី០៧ ខែកក្កដានេះថា “នៅក្រោយពេលបង្កើតគណបក្សនយោបាយត្រូវបានកំណត់រយៈពេលយ៉ាងយូរ១៨០ថ្ងៃ ដើម្បីរៀបចំបែបបទសំណុំលិខិតសុំចុះបញ្ជី។ ដូច្នេះ ការលុបឈ្មោះគណបក្សអនាគតជាតិ គឺអនុវត្តតាមបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ”។
មាត្រា១៩ថ្មី៖ ក្នុងរយៈពេលយ៉ាងយូរ១៨០ថ្ងៃ បន្ទាប់ពីគណបក្សនយោបាយត្រូវបានបង្កើតឡើងស្របតាមមាត្រា៩ នៃច្បាប់នេះ គណបក្សនយោបាយនោះត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីទទួលបានសុពលភាព និងជាធ្វើសកម្មភាពបានដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល ដោយត្រូវបានសមាជិកយ៉ាងតិច៤០០០នាក់ និងត្រូវបំពេញបែបបទ និងលក្ខខណ្ឌដូចមានចែងក្នុងមាត្រា២០ នៃច្បាប់នេះ។
សូមជម្រាបថា លោក ឃីម ឡាគី អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងបានដាក់ពាក្យស្នើសុំបង្កើតគណបក្សថ្មីដែលមានឈ្មោះ “គណបក្សអនាគតជាតិ” ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួង មហាផ្ទៃបាន អនុញ្ញាតឱ្យបង្កើតគណបក្សអនាគតជាតិ៕
ដោយ៖ពលជ័យ