ព្រឹកនេះ ព្រះមហាក្សត្រកម្ពុជា យាងដាំកូនឈើក្នុងពិធីរុក្ខទិវា ៩កក្កដា នៅខេត្តបាត់ដំបង ដោយមានដាំកូនឈើជាង ១ម៉ឺនដើម

បាត់ដំបង៖ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២នេះ ប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានដាំកូនឈើសរុបចំនួន ១៣១០០ដើម លើផ្ទៃដី១០ហិកតា។ កូនឈើដែលត្រូវដាំ រួមមាន៖ ធ្នង់ ៤០០០ដើម, គ្រញូង ២ ២០០ដើម, ច្រេស ១ ៥០០ដើម, ឈើទាល ១៤០ដើម, ម៉ៃសាក់ ៦០០ដើម, គីនីន ២០០០ដើម, និងប្រេងខ្យល់ ២៦៦០ដើម ។

សូមជម្រាបថា ការដាំកូនឈើនេះ មិនមែនធ្វើឡើង ដើម្បីតែអបអរសាទរ រុក្ខទិវា ៩ កក្កដា នោះទេ ក៏ដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ឱ្យចូលរួមដាំដើមឈើ ដើម្បីបង្កើតគម្របព្រៃឈើ និងបរិស្ថាន ចូលរួមរក្សាអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ ទេសចរណ៍ ការសិក្សាស្រាវជ្រាវ ប្រព័ន្ធការពារដីជម្រាល និងជីវចម្រុះ ។

ឯកឧត្តម នេត្រ ភាក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមការវាយតម្លៃធនធានគម្របដីព្រៃឈើឆ្នាំ២០១៨ រៀបចំផលិតដោយក្រុមការងារបច្ចេកទេសជាតិ (GDEKIMoE, GDANCP/MoE, FA/MAFF, FiA/MAFF, GDAMAFF) និងត្រួតពិនិត្យបច្ចេកទេសដោយអ្នក ជំនាញការអន្តរជាតិ UNDP-FCPF, FAO, JICA និងសាកលវិទ្យាល័យអន្តរជាតិនានា។

ជាលទ្ធផលធនធានគម្របដីព្រៃឈើជាតិ ដែលបូកបញ្ចូលផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេង ក្នុងឆ្នាំ២០១៨ បានបង្ហាញថា ធនធានគម្របព្រៃឈើមានប្រមាណ ៨.៥១០.៨០៧ហិកតា ស្មើនឹង ៤៦,៨៦% និងមានអត្រាបាត់បង់ជាមធ្យមប្រចាំឆ្នាំ ០,៦៤% ស្មើនឹង ១១៥,៧៩៧ហិកតា ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស។ ដោយឡែកចំពោះធនធានគម្របដីព្រៃឈើ សម្រាប់កម្មវិធី រេដបូក ដោយមិនរាប់បញ្ចូលផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេង ក្នុងឆ្នាំ២០១៨ បានបង្ហាញថា ធនធានគម្របដីព្រៃឈើមានប្រមាណ ៧.៩២២.២៨០ហិកតា ស្មើនឹង ៤៣,៦២% មានអត្រា ប្រែប្រួលជាមធ្យមប្រចាំឆ្នាំ ០,៧១% ស្មើនឹង១២៩,៨១០ ហិកតា ធៀបនឹងផ្ទៃដីប្រទេស ។

ឯកឧត្តម នេត្រ ភាក្ត្រា បានបញ្ជាក់ថា កម្ពុជា ប្ដេជ្ញាតាំងចិត្តខ្ពស់ប្រកបដោយមហិច្ឆតា ក្នុងការកាត់បន្ថយការបាត់បង់ព្រៃឈើស្របជាមួយនឹងយុទ្ធសាស្រ្ត រេដបូក ហើយរួមបញ្ចូលទាំងការអភិវឌ្ឍវិស័យព្រៃឈើប្រកបដោយនិរន្តរភាព ។

មន្ត្រីនាំពាក្យក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងទៀតថា បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១%នៃប្រទេសកម្ពុជា។ ដោយសារកត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជា បានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ២០១៦មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាម៉េរិក។ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូ បាននិងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន យកថវិកាមកបង្កើននិងពង្រឹងការងារការពារនិងអភិរក្សធនធានធម្មជាតិដែលមាន។ នេះគឺជាមោទកភាព មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។ ថវិកាដែលបានពីការលក់ឥណទានកាបូននេះត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋាន។

ក្រុមហ៊ុនធំៗដែលសម្រេចទិញឥណទានកាបូនដោយឈរលើមូលដ្ឋានការវាយតម្លៃពីទីភ្នាក់ងារឯករាជ្យ ដែលបញ្ជាក់ថា កម្ពុជា មានសមត្ថភាពការពារធនធានធម្មជាតិ នៅក្នុងតំបន់ដែលលក់ឥណទានកាបូននោះ បានល្អប្រសើរស្របតាមលក្ខខណ្ឌកំណត់។ ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។ ការសម្រេចទិញឥណទានកាបូនពីកម្ពុជា របស់ក្រុមហ៊ុននានាគឺបានបង្ហាញថា កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធន ធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម នេត្រ ភាក្ត្រា បានបន្ថែមថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជា មានសុទិដ្ឋិនិយមថា នឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner