លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង អញ្ជើញសម្ពោធអគារសិក្សាថ្មី០១ខ្នង នៅសាលាបឋមសិក្សាវត្តលៀប

អត្ថបទដោយ៖
Kien Sereyvuth

លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត៎ដំបង បានថ្លែងថា ទម្រាំតែមានថ្ងៃនេះ វិស័យអប់រំសិក្សានៅកម្ពុជា បានឆ្លងកាត់នូវការលំបាកពុះពារឧបសគ្គក្នុងការស្តាឡើងវិញពីគំនរផេះផង់ បាតដៃទទេ ក្នុងនេះហេដ្ឋារចនា សម្ព័ន្ធនៃវិស័យអប់រំបានទទួលរងខ្ទេចខ្ទាំទាំងស្រុង។ ការកែលម្អ និងការអភិវឌ្ឍនូវវិស៏យនេះ គឺបានមកពីការលះបង់ និងពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយជាពិសេស ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ទើបយើងមានឱកាសក្នុងការអភិវឌ្ឍនូវវិស័យអប់រំ ដើម្បីកសាងនូវធនធានមនុស្សដ៏ពិតប្រាកដ និងជាមូលធននៅក្នុងការអភិវឌ្ឍប្រទេសជាតិយើង និងខេត្តយើងឲ្យមានការរីកចម្រើនទៀត ដោយបានដាក់ចេញនូវគោលនយោបាយវិស័យអប់រំសម្រាប់ឆ្នាំ២០១៩-២០២៥គឺ “នយោយសុខុមាលភាពការសិក្សា” របស់ រាជរដ្ឋាភិបាលកម្ពុជាកន្លងមក។ ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកអភិបាលរងខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការនូវអាគារសិក្សា០១ខ្នង ស្មើ១២បន្ទប់ ថែមទាំងបំពាក់នូវបង្គន់អនាម័យ តាមបន្ទប់សិក្សានីមួយៗទៀតផង ស្ថិតនៅក្នុងបរិវេណសាលាបឋម សិក្សា”វត្តលៀប” ក្នុងសង្កាត់ចំការសំរោង ក្រុង-ខេ ត្តបាត់ដំបង នៅវេលាព្រឹកថ្ងៃ ទី០៧ខែតុលា២០១៩។ អគារសិក្សានេះ   ជាអំណោយផ្ទាល់របស់ព្រះគ្រូចៅ អធិការវត្ត “វត្តលៀប” ព្រះនាម សុខ សុភាព និងសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។

តាមរយៈរបាយការណ៍ស្វាគមន៍ របស់លោកអភិបាលរងក្រុងបាត់ដំបង នាយិកាសាលាបឋម សិក្សាវត្តលៀប និងព្រះគ្រូចៅអធិការវត្តលៀប ដែលជាម្ចាស់អំណោយផ្ទាល់ បានឲ្យដឹងថាសមិទ្ធផលអគារសិក្សាថ្មី ដែលដាក់ សម្ពោធថ្ងៃនេះ គឺមានតម្លៃសរុបប្រមាណជាង៤ម៉ឺនដុល្លារអាម៉េរិក ជាអគារសិក្សាថ្មី ដែលបានសាងសង់ឡើងវិញ។ ក្នុងឱកាសនេះដែរព្រះគ្រូ សុខ សុភាព ក៏បានថេរដីកាថ្លែងអំណរគុណដល់ម្ចាស់ទាន ម្ចាស់អំណោយ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន រួមចំណែកក្ន្ងការកសាងសមិទ្ធផលជាអាគារសិក្សាថ្មីនេះ  រួចរាល់ជាស្ថាពរ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីឲ្យកូនចៅញាតិញោមពុទ្ធបរិស័ទដែលមានជីវភាពធនធានមធ្យម និងក្រីក្រ បានមកចូលរៀននៅទីនេះ។

ក្នុងឱកាសនោះដែរ លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានថ្លែងថា អគារសិក្សានេះ គឺពិតជាបានបម្រើសេចក្តីត្រូវការក្នុងវិស័យអប់រំ និងពីតម្រូវការចាំបាច់របស់សាលា និងពីម្ចាស់អំណោយផ្ទាល់ ជាពិសេស ព្រះគ្រូចៅអធិការវត្តផ្ទាល់ដែលបានខិតខំលះបង់ទឹកព្រះទ័យក្នុងការកៀរគរ និងប្រមែប្រមូលសន្សំបច្ច័យក្នុងការកសាងនូវសមិទ្ធនេះឡើង។ លោកក៏បានសង្កត់ធ្ងន់ទៀតថា ការផ្តល់នូវទីកន្លែងសិក្សាដល់ក្មួយៗនៅទីនេះ ពិតជាឆ្លើយតបបានទាន់ពេលវេលាទៅនឺងគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ក្នុងការលើកស្ទួយដល់វិស័យអប់រំក្នុងការកសាងនូវធនធានមនុស្ស ប្រកបដោយសមត្ថភាព ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ។

លោកអភិបាលរងខេត្ត ក៏បានថ្លែងអំពាវនាវដល់អាជ្ញាដែនដី និងមូលដ្ឋានគ្រប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលបានចូលរួមនៅទីនេះនាំគ្នារួមគ្នាបង្កើតព្រឹត្តិការណ៍ហូបអំបុកនៅថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ឲ្យបានគ្រប់ៗគ្នា និងចូលរួមឲ្យបានកុះករ ក្នុងពិធីបុណ្យអុំទូកថ្ងៃចេញព្រះវស្សាខេត្តបាត់ដំបងយើង រយៈពេ ល០២ថ្ងៃនៅថ្ងៃទី១២-១៣តុលា ឆាប់ៗនេះ។ ជាមួយគ្នានេះ លោក អ៊ុយ សុធាវី ក៏បានជំរុញដល់ មាតាបិតាអាណាព្យាបាលសិស្សទាំងអស់ ដែលមានកូនគ្រប់អាយុចូលរៀន ត្រូវតែជំរុញកូនឲ្យចូលរៀនគ្រប់ៗគ្នា។ ត្រូវរួមគ្នាការពារថែរក្សាសមិទ្ធផលទាំងនេះឲ្យគង់វង្ស និងបានថ្លែងនូវអំណរព្រះ គុណ និងអរគុណដល់ សប្បុរសជន ដែលបានរួមវិភាគទានក្នុងការកសាងនូវវិស័យពុទ្ធចក្រ និងអាណាចក្រឲ្យមានការរីកចម្រើន ជាពិសេសអាគារសិក្សាថ្មី០១ខ្នងនេះ។ លោកក៏បានឧបត្ថម្ភនូវថវិកាចំនួន០២លានរៀលដល់សាលាបឋមសិក្សា វត្តលៀប និងបានបំពាក់គ្រឿងឥស្សរិយសប្រគេនដល់ព្រះសង្ឃ និងសប្បុរសជននានាផងដែរ៕ ដោយៈ អ៊ុក សំអាន

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner