មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងមហាជនស្រុកភ្នំស្រុកនាំគ្នាបាសម្អាតកំប្លោកគូទឹកបុរាណ
ខណៈមានទឹកជំនន់ដែលមានទឹកច្រើនងាយធ្វើការនោះ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងមហាជនស្រុកភ្នំស្រុកនាំគ្នា បាសម្អាតកំប្លោក និងវារីជាតិទាំងឡាយគូទឹកបុរាណភ្នំស្រុក ដើម្បីបានសោភ័ណភាពឃើញទឹកថ្លាដូចកញ្ចក់ផង ដើម្បីបានរក្សាទឹកឲ្យស្អាតសម្រាប់បរិភោគ ឬប្រើប្រាស់ផង។ គូទឹកបូរាណដែលកសាងឡើងនៅសត.វត្សរ៍នោះ ស្ថិតនៅព័ទ្ធជុំវិញទីប្រជុំស្រុកដែលមានទំហំ៤គ.ម៤ជ្រុង ដែលដើមឡើយដែលគូនេះ នៅមិនទាន់គោករាក់ គេមើលទៅវាដូចជាប្រជុំជនស្រុកនេះ ដូចជាកោះមួយនារដូវវស្ស។
ក្នុងហេតុផល និងបំណងខាងលើនោះហើយ ទើបមន្ត្រីអាជ្ញាធរ ជំនាញស៊ីវិល កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ផ្នែកសិករងស្រុកយុវជន មហាជន និងព្រះសង្ឃ បានរួបរួមកម្លាំងសាមគ្គីគ្នា នាំចុះបាសម្អាតកំប្លោក និងរុក្ខវារីជាតិទាំងឡាយឲ្យបានស្អាតជ្រះស្រឡះយកចេញពីគូទឹកនេះ នៅជ្រុងខាងលិចប្រជុំជនស្រុកបណ្តោយប្រវែងជាង១.០០០ម៉ែត្រ។ ការចុះអនុវត្តន៍នេះគឺចាប់ពីថ្ងៃទី០៤ មកទល់ថ្ងៃទី០៦ខែតុលា ឆ្នាំ២០១៩ម្សិលមិញ ដឹកនាំដោយលោក រឿង បូរ ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ិញ ឈិញ សមាជិកក្រុមប្រឹក្សាស្រុក លោកសំ រិទ្ធអប់ អភិបាលរងស្រុក និងលោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក។
លោក សំ រិទ្ធ អប់ អភិបាលរងស្រុកភ្នំស្រុកក៏ដូចជាលោក ស៊ិញ ឈិញ សមាជិកក្រុមប្រឹក្សាស្រុកភ្នំស្រុក បានលើកឡើងថា ការបាសម្អាតកំប្លោកនេះ គឺក្នុងគោលបំណងដើម្បីកែលំអសោភ័ណភាពគូទឹកឬកសិណព័ទ្ធជុំវិញស្រុកនេះ ឲ្យមានបរិស្ថាន មើលឃើញទឹកថ្លាយង់ល្អ ហើយក៏ជាផ្នែកមួយដើម្បីទប់ទឹកជំនន់ហូរចូលមកនេះឲ្យបានច្រើនសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ បរិភោគ និងក៏ដើម្បីទុកសម្រាប់គម្រោងបណ្តែតប្រទីប ក៏ដូចជាការប្រណាំងទូកតូចផងដែរនាបុណ្យអុំទូក អកអំបុក ប្រណ្តែតប្រទីប សំពះព្រះខែ នាថ្ងៃខាងមុខនេះ។
ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានបញ្ជាក់ដែរថាយោងការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ គឺឲ្យកងកម្លាំងនគរបាលគ្រប់ស្រុក-ក្រុង និងវរនាតូចទាំង៤ ទន្ទឹមនឹងធ្វើកិច្ចការងារស្នូលការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋផង ហើយត្រូវធ្វើកិច្ចការងារសង្គម សាធារណៈឲ្យបានច្រើនផងដែរ៕ធ.ដ
ដោយ៖ ឃិន គន្ធា