ឯកឧត្តម ប៊ូជុំ សេរី ជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមលេងកីឡាដើម្បីសុខភាពទាំងអស់គ្នា
អ្នកស្នេហាវិស័យកីឡា ៦៣៧នាក់ មកពីតាមស្ថាប័ន និងក្រុមហាត់ប្រាណនានា ទាំងចាស់ទាំងក្មេង បានចូលរួមប្រារព្ធទិវាកីឡា ដើម្បីទាំងអស់គ្នា ឬ Sports for All នាទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិកាលពីថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ប៊ូជុំ សេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប។
លោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានឲ្យដឹងថា ទិវាកីឡាដើម្បីទាំងអស់គ្នានៅ ឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមប្រធានបទកីឡាដើម្បីសុខភាព។ សម្រាប់កម្មវិធីលម្អិតវិញមានការហាត់ប្រាណតាមចង្វាក់ភ្លេង គេចបាល់ បញ្ជូនបាល់ គ្រ័រ រត់ចងជើង ទាញព្រ័ត្រ សីស្លាប និងសម្រួលសាច់ដុំរាំតាមចង្វាក់ភ្លេង។
ជាមួយគ្នានេះ ឯកឧត្តម ប៊ូជុំ សេរី សង្កត់ធ្ងន់ថា ការចូលរួមយ៉ាងច្រើនកុះករដោយសារតែប្រជាពលរដ្ឋទាំងអស់ដឹងពីតម្លៃកីឡា និងសុខភាព ខណៈក្រសួងអប់រំ យុវជន និងកីឡា ខិតខំផ្សំផ្សាយពីករណីនេះកន្លងមកដែរ។ ឯកឧត្តមបន្ថែមថា ក្រៅពីបានហាត់ប្រាណ អ្នកទាំងអស់គ្នាក៏បានបង្កើតចំណងមិត្តភាពទៅវិញទៅមក និងបន្ថយការចំណាយលើការថែរក្សាសុខភាព។ ឯកឧត្តម ក៏បានជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបយកចិត្តទុកដាក់ឲ្យខ្លាំងលើបញ្ហាសុខភាពនេះ។
គួរដឹងផងដែរថា នេះជាលើកទីពីរហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាកីឡាដើម្បីទាំងអស់គ្នា ដោយលើកទី១ កាលពីឆ្នាំ២០១៨ កន្លងទៅធ្វើឡើងនៅរាជធានីភ្នំពេញក្រោមប្រធានបទរាំជាមួយគ្នា ខណៈប្រទេសឯទៀតនៅក្នុងតំបន់អាស៊ាន ក៏បានប្រព្រឹត្តទៅដូចៗគ្នា។
សូមបញ្ជាក់ថា Sports for All ជាផ្នែកមួយនៃទិវាកីឡាអាស៊ាន និងអាស៊ានហាត់ប្រាណ ដើម្បីសុខភាព បង្កើតឡើងដោយអនុលោមតាមកិច្ចប្រជុំរបស់រដ្ឋមន្ត្រីកីឡាអាស៊ាននាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី និងទទួលបានការឯកភាពបន្ថែម នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកីឡាអាស៊ាន លើកទី៤ ខែតុលា ឆ្នាំ២០១៧ នាក្រុងណៃពីដោរ ប្រទេសមីយ៉ាន់ម៉ា៕ធ.ដ