ប្រធានសហព័ន្ធការ៉ាតេកម្ពុជា ប្រកាសដាក់ក្រសួងសេដ្ឋកិច្ចជាដៃគូទ្រទ្រង់កីឡាការ៉ាតេ ជាផ្លូវការ
នៅក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ ដែលបានបញ្ចប់កាលពីម្សិលមិញ នៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានប្រកាសដាក់ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ ជាដៃគូទ្រទ្រង់កីឡាការ៉ាតេជាផ្លូវការ។
ឯកឧត្តមប្រធានសហព័ន្ធ បានបញ្ជាក់ថា ដើម្បីឲ្យស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «គឺប្រជាជនម្នាក់ ហាត់កីឡាមួយមុខ»និង«ក្រសួង-ស្ថាប័នមួយទ្រទ្រង់កីឡាមួយប្រភេទ»។ តាមរយៈការគាំទ្រសកម្មភាពនេះ វិស័យកីឡាការ៉ាតេបច្ចុប្បន្នត្រូវបានយកចិត្តទុកដាក់គួឱ្យកត់សម្គាល់។ ក្រៅពីរៀបចំឱ្យមានទីកន្លែងហ្វឹកហាត់សមរម្យ គ្រូបង្វឹក ចៅក្រម អជ្ញាកណ្ដាលត្រូវបានបញ្ជូនទៅចូលរួមក្នុងសិក្ខាសាលា និងទទួលបានការបណ្ដុះបណ្ដាលទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ក៏បានដាក់ចេញនូវផែនការការងារជាអាទិភាពចំនួន៤ចំណុច ដើម្បីឆ្ពោះទៅដណ្ដើមមេដាយពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យរួមមាន៖ទី១)ត្រូវរៀបចំសមាសភាពគណៈកម្មាធិការប្រតិបត្តិ ដឹកនាំគ្រប់គ្រងមួយ ប្រកបដោយប្រសិទ្ធិភាព ទី២)រៀបចំក្រុមជម្រើសជាតិ ប្រចាំសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតកីឡាអូឡាំពិក នៅឆ្នាំ២០២០រួចត្រៀម ទៅដណ្ដើមឧត្តមភាព កីឡាការ៉ាតេក្នុងការប្រកួត SEA Gamesនៅឆ្នាំ២០២៣ ទី៣)រៀបចំកាសាង DOJO សម្រាប់ជាសាលហ្វឹកហាត់ការ៉ាតេរបស់សហព័ន្ធកីឡាការ៉ាតេ កម្ពុជាជាប្រញ៉ាប់ និងទី៤)ចាប់ផ្ដើមស្វែងរកជំនួយបច្ចេកទេសពីសហព័ន្ធការ៉ាតេពិភពលោក ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីក៏ដូចជាមន្ត្រីកីឡា អជ្ញាកណ្ដាល ចៅក្រម។ល។
ឯកឧត្តម វ៉ាត់ ចំរើន អគ្កលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានមានប្រសាន៍ឱ្យដឹងផងដែរថា សហព័ន្ធបានធ្វើការបញ្ជូនកីឡាករឆ្នើមទៅហ្វឹកហាត់ ពិសេសនៅប្រទេសអ៊ីតាលីយ៉ាងសកម្មចំនួន២ដងរួចមកហើយ ដែលលើកទី១មានរយៈពេល១ខែ ដោយមានកីឡាករ កីឡាការិនីចំនួន៨នាក់ ហើយលើកទី២មានរយៈពេល៣ខែដោយមានកីឡាការ កីឡាការិនីចំនួន៨នាក់។ ដំណើរការហ្វឹកហាត់នៅទីនោះមានការរីចម្រើន និងវឌ្ឍភាពបច្ចេកទេស ជំនាញប្រយុទ្ធ Kumite យ៉ាងគត់ម្មត់គួរជាទីសង្ឃឹមក្នុងការត្រៀមប្រកួតកីឡា SEA Games លើកទី៣០ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីនចុងឆ្នាំ២០១៩នេះ។
គួរំលឹកផងដែរថា ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃ ដែលបានដំណើរការប្រកួតចាប់តាំងពីថ្ងៃទី៣តុលា ក្នុងចំណោម១៤សមាគម ក្លិបចូលរួមប្រកួត សមាគមមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងនោះមេដាយមាសចំនួន១១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធិចំនួន៦គ្រឿង សរុប១៨គ្រឿង សមាគមកីឡាក្រសួងមហាផ្ទៃជាប់ចំណាត់ថ្នាក់លេខ២ ដណ្ដើមបានមេដាយមាសចំនួន៦គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរឹទ្ធិចំនួន៣គ្រឿង សរុបចំនួន១២គ្រឿង ចំណាត់ថ្នាក់លេខ៣បានទៅលើក្លិបការ៉ាតេដូ អូគឺយឺគឹ ខេត្តសៀមរាប ដណ្ដើមបានមេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់ចំនួន៤គ្រឿង និងមេដាយសំរឹទ្ធិចំនួន៣គ្រឿង សរុប១០គ្រឿង៕ធ.ដ