តុលាការសម្រេចឃុំខ្លួនបុរសចិន៤នាក់ ពាក់ព័ន្ធគ្រឿងញៀនជិត៤០គីឡូក្រាម ដាក់ពន្ធនាគារបណ្ដោះអាសន្ន
ភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញ លោក សាយ សារុន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិចិន៤នាក់ ដែលពាក់ព័ន្ធ គ្រឿងញៀនជិត៤០គីឡូក្រាម ដាក់ពន្ធនាគាបណ្ដោះអាសន្ន រង់ចាំថ្ងៃជំនុំជម្រះ។
លោក សុខ កែវបណ្ឌិត ជាតំណាងអយ្យការបានសម្រេចចោទប្រកាន់ជនជាប់ទាំង៤ ទី១)ឈ្មោះ YUN LiANFU ភេទប្រុស អាយ៥១ឆ្នាំ ទី២)ឈ្មោះ FENG YONGCHAO ភេទប្រុស អាយុ៤៨ឆ្នាំ ទី៣)ឈ្មោះ CHOI KA LUN ភេទប្រុស អាយុ៤៣ឆ្នាំ និងទី៤)ឈ្មោះ LAU CHUN KiN ភេទប្រុស អាយុ៤០ឆ្នាំ ពីបទជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
គួររំលឹកថា ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនៅទីតាំងផ្សេងគ្នា ប៉ុន្តែក្នុងនោះមានជនជាតិចិនម្នាក់ ដែលសមត្ថកិច្ចបានធ្វើការចាប់ខ្លួន នៅក្នុងបន្ទប់ខុនដូមួយកន្លែង ដែលមានគ្រឿងញៀនប្រមាណ៣៩ គីឡូក្រាម ស្ថិតនៅខុនដូមួយកន្លែងជាន់ទី២៩ បន្ទប់លេខ១៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួនឈ្មោះ YUN LIANFU និងដកហូតថ្នាំញៀន៣៩គីឡូ ក្រាម ជននេះបានសារភាពភ្លាមៗថា ជារបស់ដែលគេយកមកផ្ញើឲ្យជួយលក់ ចំណែកអ្នកផ្ញើទំនងគេចខ្លួនបាត់ ៕ធ.ដ