សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A  ឆ្នាំ២០១៩ ទូទាំងប្រទេសចំនួន៤៤៣នាក់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ដែលមានការចូលរួមពីអាណាព្យាបាលសិស្ស និងលោកគ្រូតំណាងសាលារបស់សិស្សឆ្នើមទាំងនោះផងដែរ។ នេះជាឆ្នាំទី៦ហើយ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី  បានផ្តល់កិត្តិយសជូនសិស្សជាប់និទ្ទេស A បានចូលជួបសំណេះសំណាលដោយផ្ទាល់។ ការផ្តល់ឱកាសឱ្យសិស្សនិទ្ទេស A ចូលជួបសំណេះសំណាលដោយផ្ទាល់នេះ គឺជាការផ្តល់តម្លៃ និងលើកទឹកចិត្តដ៏ឧត្តុង្គឧត្តមមួយ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្រាប់សិស្សានុសិស្ស។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ មានបេក្ខជនចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨,៦២ភាគរយ បានប្រឡងជាប់។ ក្នុងនោះ សិស្សជាប់និទ្ទេស A មានចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន២៤៣០នាក់, និទ្ទេស C ចំនួន ៥៨៤៧នាក់, និទ្ទេស D ចំនួន ១៤១០០នាក់ និង និទ្ទេស E ចំនួន៥៦,២៣២នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីឆ្នាំ២០១២មក ជាមួយការដាក់ចេញគោលនយោបាយឃុំមួយ វិទ្យាល័យមួយយ៉ាងតិច បានផ្តល់ឱកាសឱ្យសិស្សជានារីទទួលបានឱកាសសិក្សាកាន់តែខ្ពស់។ សម្តេចតេជោ បានលើកឡើងថា ការលើកកម្ពស់យេនឌ័រ មិនមែនស្ថិតនៅលើក្រដាសទេ គឺស្ថិតនៅលើការអនុវត្តជាក់ស្តែង។ បើមិនជំរុញឱ្យសិស្សស្រីបានសិក្សារៀនសូត្រ កុំនិយាយរឿងលើកកម្ពស់យេនឌ័រ។ នេះពិតជាមានការកោតសរសើរជាមួយសិស្សប្រលងជាប់គ្រប់កម្រិតទាំងអស់ ដែលក្នុងឆ្នាំមានជាង៦៨ភាគរយ កើនប្រមាណ ១ភាគរយ ធៀបឆ្នាំ២០១៨។សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា លទ្ធផលសម្រេចបាននេះ បានមកពីការប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ជាពិសេសគឺសិស្សខ្លួនឯងផ្ទាល់តែម្តង។ ពោលគឺមិនមានការបន្ធូរបន្ថយការប្រលងដើម្បីឱ្យសិស្សជាប់ច្រើននោះទេ គុណភាពនៃការប្រលងនៅតែរឹតបន្តឹងដដែល។ ប៉ុន្តែការធ្វើកំណែទម្រង់លើការប្រលងបានជំរុញឱ្យសិស្សប្រឹងរៀនតាំងពីថ្នាក់ក្រោមទៅ។

សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរដល់សិស្សប្រលងជាប់ទាំងអស់ ហើយក៏បានចូលរួមសោកស្តាយចំពោះសិស្សប្រលងធ្លាក់។ សម្តេចតេជោ ក៏បានជំរុញឱ្យសិស្សប្រលងធ្លាក់កុំបោះបង់ការសិក្សា អាចសិក្សាថ្នាក់ទី១២បន្ត សិក្សាបរិញ្ញាបត្ររង ឬសិក្សាថ្នាក់បច្ចេកទេស។ ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងកោតសរសើរលោកគ្រូ អ្នកគ្រូ អាជ្ញាធរ កងកម្លាំងប្រដាប់ ក្រុមការងារថ្នាក់ជាតិ សហភាពសហព័ន្ធ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមដោះស្រាយ លើបញ្ហានានាជុំវិញការប្រលងនេះ។ សម្តេចបានពេញចិត្តចំពោះវឌ្ឍនភាពលើវិស័យអប់រំនៅកម្ពុជា ប៉ុន្តែនៅតែសោកស្តាយបើគ្មានការធ្វើរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ស្ថានភាពកម្ពុជានឹងប្រសើរ ហើយប្រសិនបើកម្ពុជា មិនមានសង្គ្រាមវិនាសសកម្ម និងរបបប្រល័យពូជសាសន៍នោះ ស្ថានភាពប្រទេសជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរជាងនេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner