គ្រួសារអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងពីរគ្រួសារ ទទួលបានផ្ទះជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន
កំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៨:៣០នាទីព្រឹក ផ្ទះចំនួន០២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ជូនអតីតយុទ្ធជនកម្ពុជាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អមដំណើរដោយ ឯកឧត្តម ធន ធឿន ប្រធាន សអក ខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជាច្រើនរូបទៀត។
ក្នុងឱកាសនោះផងដែល ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម ធន ធឿន ប្រធាន សអក ខេត្ត និងសប្បុរសជន បានឧបត្ថម្ភនូវថវិកា និងសម្ភារ ក្នុង១គ្រួសារៗ ទទួលបាន៖ ថវិកា១,០៧០,០០០ រៀល មេមាន់រស់៤ក្បាល ដើមដូង២ដើម អង្ករ៣០គីឡូ និងឃីតចំនួន០២ជូនដល់៖
១)ឈ្មោះ ឌឹម ឌឿន ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ប្រភេទជនពិការ រស់នៅភូមិត្រពាំងធំ ឃុំពង្រ ស្រុករលាប្អៀរ។
២)ឈ្មោះ ឌី សុខុម ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ប្រភេទជនពិការ ភូមិក្រាំងស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
ជាមួយគ្នានេះដែរ សមាជិក សអក ទាំងពីរ រួមជាមួយក្រុមគ្រួសារ បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនទូទាំងប្រទេស សូមអោយសម្តេចមានសុខភាពល្អបន្តដឹកនាំប្រទេសជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនខេត្ត រួមជាមួយក្រុមការងារ ជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ៕ធ.ដ
ដោយៈ គឹម សៀន