អ៊ុក ស្រីមុំ គឺជាកីឡាការិនីទី១ ដែលបង្ហូតទង់ជាតិ នៅលើទឹកដីអាមេរិក
កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ បានសាងប្រវត្តិសាស្រ្តថ្មីមួយទៀត ក្រោយឈ្នះមេដាយមាស ពីព្រឹត្តការណ៍កីឡាពិភពលោក ( World Games ) ឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ សហរដ្ឋអាមេរិក Rebeka HOWE ក្នុងលទ្ធផល ៤១ទល់២១ នៅវគ្គផ្តាច់ព្រ័ត្រ នារសៀលថ្ងៃទី១២ ខែកក្កដា នាទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ។
កញ្ញា គិន សំណាង អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអោយដឹងថា ការបង្ហាញខ្លួនជាលើកដំបូង ហើយឈ្នះមេដាយមាសនេះ គឺជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមជាងប្រទេសជុំវិញពិភពលោក និងអត្តពលិកសរុបជាង៣៦០០នាក់ ។ អគ្គលេខាធិការរងរូបនេះ បន្តថា កម្ពុជានៅសល់មួយវិញ្ញាសាទៀត គឺកីឡាការិនី អ៊ុក ស្រីមុំ ត្រូវចាប់ដៃគូជាមួយកីឡាការិនី អ៊ុន ស្រីយ៉ា ដើម្បីធ្វើការប្រកួតលើវិញ្ញាសាវាយគូនារី ២នាក់ទល់២នាក់ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ ។ ហើយចំពោះវិញ្ញាសាវាយគូនេះ កម្ពុជាបានដាក់ទិសដៅ ស្វែងរកលទ្ធផលល្អប្រសើរ បើអាចគឺដណ្តើមមេដាយមួយគ្រឿងទៀត នេះជាការបញ្ជាក់របស់កញ្ញា គិន សំណាង អគ្គលេខាធិការងសហព័ន្ធ ។
គួរបញ្ជាក់ថា មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ កីឡាការិនី អ៊ុក ស្រីមុំ ធ្វើបានយ៉ាងល្អ នៅវគ្គជម្រុះ ជុំទី២ ដោយឈរលេខ១ ខណៈអាមេរិកលេខ២ ក្នុងចំណោមកីឡាការិនីមកពី៦ប្រទេស ស្របពេលដែល ថៃលេខ១ និងដាណឺម៉ាក លេខ២ នៅជុំទី១ ឈានទៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា ។ ចំពោះលទ្ធផលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្ពុជា បានយកឈ្នះ ដាណឺម៉ាក ៣៧ទល់២៣ ខណៈកីឡាការិនីថៃ បានប្រកួតចាញ់ កីឡាការិនីអាមេរិក ៣៧ទល់៣៨ ។ នៅវគ្គផ្តាច់ព្រ័ត្រ កីឡាការិនី អ៊ុក ស្រីមុំ បានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebecca ៤១ទល់២១ ក្លាយជាម្ចាស់មេដាយមាស ជាលើកដំបូង នៅការប្រកួតកីឡាពិភពលោក ។
សូមបញ្ចាក់ថា កម្ពុជាបានសាងប្រវត្តិសាស្ត្រថ្មីមួយ នៅក្នុងការប្រកួតកីឡាពិភពលោក ដែលប្រារព្ធធ្វើឡើងជារៀងរាល់៤ឆ្នាំម្តង។ កម្ពុជានៅសល់១ប្រកួតទៀត ក្នុងដៃលើប្រភេទកីឡាប៉េតង់ដដែលនេះ គឺលើវិញ្ញាសា ២នាក់ទល់២នាក់ ដោយកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា ស្ថិតក្នុងពូលក្រហម ដោយមាន កាណាដា បារាំង កម្ពុជា និង ដាណឺម៉ាក ។ រីឯពូល ស មាន អាល្លឺម៉ង់ ប៊ែលហ្សិក អាមេរិក និងថៃ ប្រកួតតាមរូបមន្ត ក្នុងពូលនីមួយៗ យកលេខ១ និងលេខ២ ធ្វើការប្រកួតខ្វែង បន្ទាប់មក ឈ្នះជួបឈ្នះ យកមេដាយមាស ចាញ់ជួបចាញ់ យកលេខ៣ ៕ ចាន់ វិចិត្រ







