អង្គការសហប្រជាជាតិ៖ ជនស៊ីវិលបាត់បង់ជីវិតកើនដល់៥ពាន់នាក់ ដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
កៀវ៖ ទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(អ.ស.ប) បានឱ្យដឹងថា ជនស៊ីវិលប្រមាណជាង ៥,០០០នាក់ត្រូវបាន សម្លាប់ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបាន ចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ហើយថា ចំនួនអ្នកស្លាប់ពិត ប្រាកដទំនងជាខ្ពស់ជាងនេះ។
ការិយាល័យឧត្តមស្នងការអ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សបាន បញ្ជាក់ថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន ៥,០២៤នាក់ រួមទាំងកុមារចំនួន ៣៤៣នាក់ត្រូវបានសម្លាប់ ខណៈដែលមនុស្ស ៦,៥២០នាក់ផ្សេងទៀតរងរបួស គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ។
បច្ចុប្បន្នយោធារុស្ស៊ីបាននិងកំពុងបង្កើនការបាញ់ផ្លោង និងការវាយ ប្រហារដោយមីស៊ីលនៅតំបន់ភាគខាងកើតនៃទីក្រុងដូណេតក៍។ សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែនបាននិយាយថា អគារលំនៅដ្ឋាន កម្ពស់ប្រាំជាន់ត្រូវរងការវាយប្រហារដោយមីស៊ីលរុស្ស៊ី កាលពីថ្ងៃសៅរ៍ ហើយមនុស្ស ៣១នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់។
ទន្ទឹមគ្នា ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានរាយការណ៍ថា ជនស៊ីវិល៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន ទៅលើទីក្រុងដែលគ្រប់គ្រងដោយរុស្ស៊ីនៅតំបន់ឃើសុនភាគខាងត្បូង។
ក្រសួងការពារជាតិអង់គ្លេសក៏បានបញ្ជាក់នៅថ្ងៃអង្គារសប្តាហ៍នេះដែរថាកងកម្លាំងរុស្ស៊ីទំនងជាកំពុងរក្សាសម្ពាធយោធាលើកងកម្លាំងអ៊ុយក្រែន ខណៈកំពុងរៀបចំកងទ័ពឡើងវិញ ហើយបង្កើតការវាយលុក បន្ថែមទៀតនាពេលខាងមុខ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា