កម្មករសំណង់ប្រាំបួនគ្រួសារក្នុងសង្កាត់ទន្លេបាសាក់ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះបានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន
ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បាន អញ្ជើញ ចែកអំណោយជូនដល់បងប្អូនកម្មករសំណង់ ចំនួនប្រាំបួន គ្រួសារដែលបន្ទប់ស្នាក់នៅត្រូវបានអគ្គិភ័យឆាបឆេះអស់ចំនួន ១០បន្ទប់ ក្នុងសង្កាត់ទន្លេបាសាក់។ ពិធីនេះបានធ្វើឡើងនៅរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។
អំណោយដែលបានចែកជូនរួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ, ទឹកបរិសុទ្ធ, តង់ និងថវិកាមួយចំនួន ។
សូមជម្រាបថា គ្រោះអគ្គិភ័យ ដែលបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី បានឆេះរោងស្នាក់នៅរបស់កម្មករ សសំណង់នៃក្រុមហ៊ុន ហួង សាន អ៉ីនធឺណេសិនណលមួយកន្លែង បណ្តាលឱ្យខូចខាតអស់ចំនួន ១០បន្ទប់តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ស្ថិតនៅតាមបណ្តោយផ្លូវចៃកា នៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៕ ដោយ៖ស៊ូ ប៊ុនធី