រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នឹងធ្វើសន្និសីទកាសែតនៅរសៀលថ្ងៃស្អែក ទាក់ទងនឹងសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ
ភ្នំពេញ៖ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៥:០០ រសៀល នៅទីស្ដីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីបង្ហាញអំពី គោលបំណងនិងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីខ្លឹមសារនៃសេចក្តីព្រាងស្តីពីវិសោធនកម្មលើមាត្រាមួយចំនួន។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី ១៣ខែកក្កដាឆ្នាំ២០២២នេះ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្រសួងយុត្តិធម៌ សូមជម្រាបជូនដល់សាធារណជន ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា អនុវត្ត តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៥:០០ នាទីរសៀល នៅទីស្ដីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីបង្ហាញអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវ ដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ប្រភពដដែលបន្តថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ មានផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ក្រសួងយុត្តិធម៌។ អ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មាន សូមទាក់ទងជាមួយលោក ជួន ចំរើន ០១២ ៩០០ ៤៤៦ ដើម្បីទទួលបាននូវប័ណ្ណចេញ-ចូលសម្រាប់សន្និសីទសារព័ត៌មាននេះ។
សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា អ្នកចូលរួមសូមធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដោយខ្លួនឯង ឬមកក្រសួងឱ្យបានមុន ដើម្បីធ្វើតេស្ដរហ័ស មុននឹងចូលរួមសន្និសីទសារព័ត៌មាន។
គួររំលឹកដែរថា កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដានេះដែរ ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាព របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈព្រះរាជសារចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញ បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដោយផ្អែកលើមាត្រា១៥៣ថ្មី (ពីរ មាត្រា១៥១ថ្មី) មាត្រា១៥៤ថ្មី (ពីរ មាត្រា ១៥២ថ្មី) និងមាត្រា១៥៥ថ្មី (ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញ ការស្នើសុំធ្វើវិសោធនកម្មមាត្រា ១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ អាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាព ការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។
គួរបញ្ជាក់ថា “សេចក្តីព្រាងច្បាប់ធម្មនុញ្ញ” ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចអនុម័តទាំងស្រុង៕ដោយ៖ពលជ័យ