រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយស្តីពី វិធីបង្កា ការពារទប់ស្កាត់ជំងឺគ្រុនចាញ់ និង ថែទាំសុខភាពអនាម័យ នៅស្រុកកែវសីមា
ដើម្បីបង្កើនសមត្ថភាពសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការការពារ ជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ ក្រសួងបរិស្ថាន និងគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដោយឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយស្តីពី (វិធីបង្កា ការពារទប់ស្កាត់ជំងឺគ្រុនចាញ់ និង ថែទាំសុខភាពអនាម័យ ) ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះ មន្រ្តីឧទ្យានុរក្ស និងអជ្ញាធរដែនដី នៅដែនជម្រកសត្វព្រៃកែវសីមា ដោយមានអញ្ចើញចូលរួមពី លោក ឈឹម កាន អភិបាលរងខេត្ត ឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឍមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល លោក សេង ទៀក ប្រធានអង្គការមូលនិធិសកលសម្រាប់អភិរក្ស (WWF) លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្ត ស្ថិតក្នុងភូមិ ពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
លោកជំទាវ ម៉ុម ថានី បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន បច្ចុប្បន្នកម្ពុជា មានតំបន់ការពារធម្មជាតិចំនួន ៦៩កន្លែង និងរបៀងអភិរក្សជីវ:ចម្រុះចំនួន ៣កន្លែង ក្នុងទំហំផ្ទៃដីប្រមាណ ៧,៥លានហិកតា ស្មើនឹង ៤១ភាគរយនៃផ្ទៃដីប្រទេស មានមន្រ្តីឧទ្យានុរក្សចំនួន ១២៦០នាក់ (ឆ្នាំ ២០២០) នឹងសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៨២ សហគមន៍ មានគ្រួសារចូលរួមប្រមាណជា ៥៥.៤១៤គ្រួសារ និងគណ:កម្មការគ្រប់គ្រងប្រមាណជាចំនួន ១.២៧៤នាក់ ដែលទាំងមន្រ្តីឧទ្យានុរក្ស និងគណ:កម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ បានដើរតួយ៉ាងសំខាន់ក្នុងសកម្មភាពចុះល្បាតទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ។ កាតព្វកិច្ចដ៍ឧត្តុងឧត្តមនេះត្រូវផ្សាភ្ជាប់យ៉ាងសំខាន់នូវ កំលាំងចិត្ត ឆន្ទះមុះមុត និងទាមទារនូវសុខភាពរឹងមាំផងដែរ ដូចនេះដើម្បីរួមចំណែកគិតគូរបន្ថែមពីលើ គោលនយោបាយគាំពារមន្រ្តីរាជការរបស់ក្រសួងបរិស្ថាន ក្រុមការងារបានរៀបចំជាបន្តបន្ទាប់នូវវគ្គបណ្តុះបណ្តាល និងកម្មវិធីផ្សព្វផ្សាយស្តីពី (ការការពារការបង្កា ទប់ស្កាត់ជំងឺគ្រុនចាញ់ និងថែទាំសុខភាព) ជូនដល់ប្រជាសហគមន៍ ឧទ្យានុរក្ស និងអ្នកពាក់ព័ន្ធនានា ដើម្បីបង្កើនសមត្ថភាពសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការការពារ ជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន និងចែកជូនសម្ភារ: ការពារជំងឺ រួមចំណែកការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ ជំងឺគ្រុនចាញ់អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៥។
លោកជំទាវ ម៉ុម ថានី បានមានប្រសាសន៍ផ្ញើការនឹករលឹក ការស្រលាញ់ ពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលតែងតែលើកឡើងពីគុណបំណាច់ និងគំរូវីរភាពរបស់ មន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍ទាំងអស់ ដែលបានយកអស់កំលាំងកាយចិត្ត ការពារព្រៃឈើ ធនធានធម្មជាតិ និង ជីវៈចម្រុះរបស់យើង ទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។
នាឱកាសនោះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បាននាំយកនូវម៉ុងជ្រលក់ថ្នាំ ជូនដល់គណៈកម្មការសហគមន៍ មន្រ្តីឧទ្យានុរក្ស និងអាជ្ញាធរដែនដីផងដែរ ៕ ដោយ ៖ ពលៈ