សហភាពអឺរ៉ុបបង្កកទ្រព្យសម្បត្តិរុស្ស៊ីជាង១៣,៨ ប៊ីលានដុល្លារ
មន្ត្រីកំពូលរបស់ប្លុកថា សហភាពអឺរ៉ុបបានបង្កកទ្រព្យសម្បត្តិចំនួន១៣,៨ ប៊ីលានលានអឺរ៉ូ (១៣,៨៣ ប៊ីលានដុល្លារ) ដែលជារបស់ពួកមហាសេដ្ឋី បុគ្គលសំខាន់ និងអង្គភាពផ្សេងៗរបស់រុស្ស៊ី ដែលរងទណ្ឌកម្មក្រោយការឈ្លានពានអ៊ុយក្រែន។
ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកផ្នែកយុត្តិធម៌លោក Didier Reynders និយាយកាលពីថ្ងៃអង្គារភាគច្រើននៃទ្រព្យសម្បត្តិទាំងនោះបានមកពីប្រទេសចំនួន៥ក្នុងចំណោមរដ្ឋសមាជិកទាំង២៧របស់សហភាពអឺរ៉ុបតែប៉ុណ្ណោះ។ បច្ចុប្បន្ន ប្លុកអឺរ៉ុបបានដាក់អង្គភាពចំនួន៩៨និងបុគ្គលជិត១ ១៦០ ដែលមានតួនាទីក្នុងសង្រ្គាមនៅអ៊ុយក្រែនទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រស្រង់សម្ដីលោក Reynders ប្រាក់ ១៣,៨ ប៊ីលានអឺរ៉ូមានទំហំណាស់ប៉ុន្តែលោកប្រាប់អ្នកយកព័ត៌មានដែលមានវត្តមានក្នុងកិច្ចប្រជុំនៃរដ្ឋមន្ត្រីយុត្តិធម៌ជាតិនៅរដ្ឋធានីប្រាហ្កថា៖ «ជាង១២ប៊ីលានបានមកពីរដ្ឋសមាជិកចំនួន ៥ ដូច្នេះយើងត្រូវបន្តបញ្ចុះបញ្ចូលអ្នកផ្សេងទៀតឱ្យធ្វើដូចគ្នាបន្ថែមទៀត»។
លោក Reyndersមិនបានបង្ហាញឈ្មោះប្រទេសទាំង៥នោះទេ ដោយលោកបដិសេធមិនបញ្ចេញ ប៉ុន្តែរដ្ឋសមាជិកជាច្រើនកំពុងឃើញថាខ្លួនពិបាកក្នុងការបង្កកទ្រព្យសម្បត្តិបុគ្គលដែលរងទណ្ឌកម្មរបស់ប្លុក ដោយសារតែទំនាក់ទំនងជាមួយវិមានក្រឹមឡាំង។
ចំនួនទ្រព្យសម្បត្តិដែលបានបង្កក ជាការរាប់បញ្ចូលគ្នានៃសាច់ប្រាក់នៅក្នុងគណនីធនាគារ ក៏ដូចជាតម្លៃនៃទូកដំណើរកំសាន្ត និងអចលនទ្រព្យដែលរឹបអូសបាន ក្នុងចំណោមទ្រព្យសម្បត្តិផ្សេងទៀតដែលរដ្ឋជាសមាជិកបានរាយការណ៍ទៅគណៈកម្មការ។ ចំនួននេះមិនរាប់បញ្ចូលទ្រព្យសម្បត្តិបង្កករបស់ធនាគារកណ្តាលរុស្ស៊ីដែលគណៈកម្មការប្លុកនិយាយកាលពីចុងខែឧសភាថាមានចំនួន២៤ ប៊ីលានអឺរ៉ូនោះទេ។
ដោយសារការកសាងឡើងវិញផ្នែកហិរញ្ញវត្ថុរបស់អ៊ុយក្រែននឹងត្រូវការប្រាក់ដ៏ច្រើនដើម្បីកសាងប្រទេសឡើងវិញបន្ទាប់ពីសង្គ្រាម សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកកំពុងស្វែងរកវិធីកាន់តែច្រើនអំពីរបៀបប្រើប្រាស់ទ្រព្យសម្បត្តិដែលបង្កកសម្រាប់គោលបំណងនេះ។
ក្នុងកិច្ចប្រជុំជាមួយគ្នានៅទីក្រុងប្រាហ្ករដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ុយក្រែន លោក Denys Maliuska បានអំពាវនាវកាលពីថ្ងៃអង្គារម្តងហើយម្តងទៀត ឱ្យរឹបអូសទ្រព្យសម្បត្តិ ដែលត្រូវប្រើប្រាស់ ដើម្បីទូទាត់សំណងសម្រាប់ការខូចខាតពីសង្គ្រាម។
ប្រភព៖ Reuters