អតីតប្រធានាធិបតីស្រីលង្កាចាកចេញពីប្រទេសតាមយន្តហោះយោធា និងកំពុងសម្លឹងរកប្រទេសទី៣ទៀត
ប្រភពព័ត៌មាន BBCបានផ្សាយថា អតីតប្រធានាធិបតីស្រីលង្កាដែលបោះបង់អំណាចដោយការតវ៉ាពីប្រជាជន ហ្កូតាបាយ៉ា រ៉ាចាប៉ាក្សា (Gotabaya Rajapaksa) អាយុយ៧៣ឆ្នាំ បានស្វះស្វែងរកប្រទេសទី៣ទៀតដើម្បីជ្រកកោន បន្ទាប់ពីការចាកចេញពីប្រទេសកាលពីព្រឹកថ្ងៃពុធទៅកាន់ប្រទេសម៉ាល់ឌីវ ដោយយន្តហោះទ័ពអាកាស។
យោងតាម BBC ដដែល អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលត្រូវជាប្អូនប្រុសប្រធានាធិបតី ក៏បានចាកចេញពីប្រទេសស្រីលង្កា នឹងត្រូវបានគេនិយាយថា ទៅកាន់សហរដ្ឋអាមេរិក។
មនុស្សរាប់រាប់ម៉ឺននាក់ បានដើរចេញតវ៉ាសំដៅនិវេសនដ្ឋានរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីស្រីលង្កាចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមក ដើម្បីបង្ខំឲ្យប្រធានាធិបតីលោក ហ្កូតាបាយ៉ា រ៉ាចាប៉ាក្សា (Gotabaya Rajapaksa) និងនាយករដ្ឋមន្ត្រី រ៉ានីល វីកក្រេម៉េស៊ីងហេ (Ranil Wickremesinghe) ចុះចេញពីដំណែង។
នាយករដ្ឋមន្ត្រី រ៉ានីល វីកក្រេម៉េស៊ីងហេ ដែលសន្យាចុះចេញពីដំណែងកាលពីថ្ងៃចុងសប្តាហ៍ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន នៅទូទាំងប្រទេស ហើយបម្រាមគោចរត្រូវបានដាក់នៅខេត្តភាគខាងលិចប្រទេស។ នេះតាមការផ្សាយរបស់ BBC ដោយយោងតាមការិយាល័យនាយករដ្ឋមន្រ្តី។
ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងអ្នកតវ៉ា ដែលដើរសំដៅទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភានៅថ្ងៃពុធនេះ។
រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់សមាសភាពរដ្ឋាភិបាលថ្មីដែលគ្រោងធ្វើនៅថ្ងៃទី២០ខែកក្កដា ដោយមានសមាសភាពមកពីចម្រុះគណបក្សសម្រាប់រដ្ឋាភិបាលថ្មី។ នេះយោងតាមការចេញផ្សាយរបស់បណ្តាញព័ត៌មាន Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតាក្នុងតំបន់មជ្ឈឹមបូព៌ា។
លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាក្សា (Gotabaya Rajapaksa) ទើបតែធ្វើជាប្រធានាធិបតីក្នុងអាណត្តិនេះប៉ុណ្ណោះ ប៉ុន្តែលោកបានតែងតាំងបងប្រុសរបស់លោក លោក ម៉ាហ៊ីនដា យ៉ាប៉ា អាបេយវ៉ាដាណា (Mahinda Yapa Abeywardana) ឲ្យធ្វើជានាយករដ្ឋមន្ត្រី ដែលធ្លាប់ធ្វើជាប្រធានាធិបតីប្រទេសដែនកោះនេះចំនួន១០ឆ្នាំគឺចន្លោះឆ្នាំ២០០៥ ដល់២០១៥។
លោក ម៉ាហ៊ីនដា យ៉ាប៉ា អាបេយវ៉ាដាណា ដែលត្រូវជាបងប្រុសរបស់ប្រធានាធិបតីបច្ចុប្បន្ន ក៏ធ្លាប់បានកាន់កាប់ជានាយកដ្ឋរដ្ឋមន្ត្រីចំនួនបីលើកដែរ គឺនៅឆ្នាំ២០០៤២០០៥ និងរយៈពេលខ្លីក្នុងឆ្នាំ២០១៨ និងចន្លោះឆ្នាំ២០១៩ ដល់២០២២។
ចំណែកនាយករដ្ឋមន្ត្រី រ៉ានីល វីកក្រេម៉េស៊ីងហេ (Ranil Wickremesinghe) ដែលទើបមកជំនួសលោកម៉ាហ៊ីនដា យ៉ាប៉ា អាបេយវ៉ាដាណា ដែលបានលាលែងពីនាយករដ្ឋមន្ត្រីកាលពីខែមេសានោះ ធ្លាប់បានកាន់កាប់ដំណែងនាយករដ្ឋមន្រ្តីនៃប្រទេសស្រីលង្កាចំនួន៤ដងរួចមកហើយ គឺនៅចន្លោះ២០០១ដល់២០០៤ ចន្លោះឆ្នាំ២០១៥ដល់២០១៨ ហើយ ជំនួសដោយលោក ម៉ាហ៊ីនដា យ៉ាប៉ា អាបេយវ៉ាដាណាវិញមួយរយៈ រូចក៏បន្តកាន់កាប់តួនាទីនេះពី២០១៨ ដល់២០១៩ និងចុងក្រោយនេះចាប់ពីខែមេសាដល់បច្ចុប្បន្ន ដែលសន្យាចុះចេញនៅថ្ងៃពុធនេះ។ នេះបើយោងតាមឆាតដល់រៀបរៀងដោយ Al Jazeera។ ប្រទេសស្រីលង្កានឹងត្រូវរៀបចំការបោះឆ្នោតសម្រាប់អាណត្តិប្រធានាធិបតីថ្មីរហូតដល់យ៉ាងហោចណាស់ខែកញ្ញាឆ្នាំ២០២៤ ប៉ុន្តែមហាជនស្រីលង្កាមិនអាចទប់កំហឹងជាប់ ស្របពេលវិបត្តិសង្គមកាន់តែធ្ងន់ធ្ងរឡើងៗ ដូចជាខ្វះខាតឥន្ធនៈប្រើប្រាស់ ខ្វះខាតម្ហូបអាហារ ខ្វះខាតថ្នាំពេទ្យជាដើម៕
ប្រភព៖ BBC