​អតីតប្រធានាធិបតី​ស្រីលង្កា​​​ចាកចេញ​ពីម៉ាល់ឌីវ ទៅ​សិង្ហបុរី​​

អតីត​ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ដែល​​​​ប្រកាស​ចុះ​ចេញ​ពី​អំណាច​​ និង​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេសម៉ាល់ឌីវ​កាល​ពី​ថ្ងៃពុធ នៅ​ថ្ងៃព្រហស្បតិ៍ បានចាកចេញ​ទៅកាន់​ប្រទេសសិង្ហបុរី តាមយន្តហោះរបស់អាកាសចរណ៍ Saudi Airlines។ នេះ​យោងតាម​​​  The Times of India ដែលទើប​ចេញ​ផ្សាយ​នៅ​មុន​នេះ​​។ 

​បណ្តាញ​សារព័ត៌មាន​នោះ ​​បាន​ដក​​ស្រង់​ប្រភព​ដែល​​បាននិយាយថា ការ​រត់គេច​ខ្លួន​របស់​គាត់​ទៅកាន់ប្រទេសម៉ាល់ឌីវ ត្រូវ​បាន​ចរចា​ដោយអតីត​ប្រធានាធិបតីម៉ាល់ឌីវ លោក Mohamed Nasheed។

ទន្ទឹមនឹងនេះ ប្រជាជន​ស្រីលង្កា​កំពុងរង់ចាំ​ការលាលែង​ពីតំណែង​របស់​គាត់​មួយថ្ងៃ​បន្ទាប់​ពី​គាត់​បាន​ភៀស​ខ្លួន​ដើម្បី​គេច​ពីការ​បះបោរ​ប្រឆាំងនឹង​វិបត្តិសេដ្ឋកិច្ច​ដែល​ត្រូវបាន​ស្តី​បន្ទោសលើការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​របស់គាត់។

​​កាល​ពីថ្ងៃពុធ បន្ទាប់​ពី​ការ​ចាកចេញ​ពីប្រទេស​ទៅកាន់​ប្រទេស​​ម៉ាល់ឌីវ លោក​ ហ្កូតាបាយ៉ា រ៉ាចាប៉ាក្សា​ (Gotabaya Rajapaksa) អាយុយ​៧៣ឆ្នាំ​​ បានស្វះស្វែង​រក​ប្រទេសទី៣​ទៀត​ដើម្បី​ជ្រក​កោន ​បន្ទាប់​ពី​ការ​ចាក​ចេញ​ពីប្រទេស​​​តាម​យន្តហោះទ័ព​អាកាស​។​ ​នេះ​បើ​ផ្អែក​តាម​ BBC​។

​​យោង​តាម​  BBC ដដែល​​ អតីត​​​រដ្ឋមន្ត្រី​ក្រសួង​​​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ដែលត្រូវជាប្អូន​ប្រុស​ប្រធានាធិបតី ក៏បានចាកចេញ​ពីប្រទេសស្រីលង្កា​​​ នឹងត្រូវ​បាន​គេ​និយាយ​ថា ទៅកាន់​​សហរដ្ឋអាមេរិក​។

មនុស្ស​រាប់​រាប់ម៉ឺននាក់​​ បាន​​ដើរចេញ​តវ៉ា​សំដៅ​​​និវេសនដ្ឋាន​របស់​ប្រធានា​ធិបតី និង​នាយក​រដ្ឋ​​មន្ត្រី​​​ស្រី​លង្កា​ចាប់​តាំង​ពី​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​​កន្លង​មក ដើម្បីបង្ខំ​​​​ឲ្យ​ប្រធានាធិបតីលោក ​ហ្កូតាបាយ៉ា រ៉ាចាប៉ាក្សា និង​​នាយករដ្ឋមន្ត្រី​​ រ៉ានី​ល វី​ក​ក្រេ​ម៉េ​ស៊ី​ង​ហេ (Ranil Wickremesinghe) ចុះ​ចេញ​ពីដំណែង​។ រហូត​មក​ដល់ពេល​នេះ ​លោក​ប្រធានាធិបតី​​បាន​ចាកចេញ​​ពី​ប្រទេស​ ខណៈ​នាយករដ្ឋមន្ត្រី​​​ស្រីលង្កា​​ បន្តវត្តមាន​នៅក្នុងប្រទេស​។

​នាយករដ្ឋមន្ត្រី​ រ៉ានី​ល វី​ក​ក្រេ​ម៉េ​ស៊ី​ង​ហេ ដែល​សន្យា​ចុះ​ចេញ​ពីដំណែង​​កាល​ពី​ថ្ងៃ​​ចុងសប្តាហ៍ បាន​​ប្រកាស​​ដាក់​ប្រទេស​ក្នុងគ្រាអាសន្ន នៅទូទាំង​ប្រទេស​ ហើយ​បម្រាម​គោចរ​​ត្រូវ​បានដាក់​​នៅ​ខេត្តភាគខាងលិច​ប្រទេស​។ ​នេះ​តាម​ការផ្សាយ​​​របស់​ BBC ដោយ​យោង​តាម​​ការិយាល័យ​នាយករដ្ឋមន្រ្តី៕          

ប្រភព៖ The Times of India

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner