អ៊ុយក្រែន​​កាត់​​ផ្តាច់​​ទំនាក់​​ទំនង​ជាមួយ​​កូរ៉េ​​ខាង​​ជើង​​ជុំ​វិញ​​ការ​​ទទួល​​ស្គាល់​ពួក​​បំបែក​​ខ្លួន​

អ៊ុយក្រែន​​​កាត់​ផ្តាច់​​ទំនាក់​ទំនង​​ជាមួយ​​កូរ៉េខា​ង​ជើង​ក្រោយ​ក្រុង​ព្យុងយ៉ាង​ទទួល​ស្គាល់ឯករាជ្យភាព​របស់​​​ «​សាធារណរដ្ឋ​ប្រជាមានិត​» របស់​​ពួក​ឧទ្ទាម​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​លើ​ភាគ​ខាង​កើត​នៃ​ទឹក​ដី​របស់​អ៊ុយក្រែន​។​

ជំហាន​របស់​ក្រុង​កៀវ​ប្រកាស​ឡើង​ភ្លាម​ៗ​កាល​ពី​ថ្ងៃ​ពុធ​ បន្ទាប់​ពី​លេច​​ចេញ​ព័ត៌មាន​ពី​ការ​ប្រកាស​របស់​កូរ៉េ​ខាង​ជើង​ ដោយ​​ក្រសួង​ការ​បរទេសអ៊ុ​យក្រែន​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​៖​​«​យើង​ចាត់​ទុក​ការ​សម្រេច​ចិត្ត​នេះ​ថា​ជា​ការ​ប៉ុនប៉ង​របស់​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​ធ្វើ​ឱ្យ​ខូច​ដល់​អធិបតេយ្យ​ភាព​ និង​បូរណភាព​ទឹក​ដី​របស់​អ៊ុយក្រែន។ជា​ការ​ឆ្លើយ​តប​ អ៊ុយក្រែន​ប្រកាស​ថា​ខ្លួននឹង​កាត់​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​​​ប្រជាមានិតកូរ៉េ»​។

រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយក្រែន ​លោក​ ឌ្មីដ្រូ​ គូឡេបា​​និយាយ​ថា៖ «​រុស្ស៊ី​លែង​មាន​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​ពិភព​លោក​ទៀត​ហើយ​ លើក​លែង​តែ​ប្រទេសណា​​ដែល​ពឹង​ផ្អែក​លើខ្លួន​​ទាំង​ផ្នែក​ហិរញ្ញ​វត្ថុ​ និង​នយោបាយ​ប៉ុណ្ណោះ​»​។​ លោក​និយាយ​ថា​ រុស្ស៊ី​បាន​អំពាវ​នាវ​ដល់​កូរ៉េ​ខាង​ជើង​ ឱ្យ​ទទួល​ស្គាល់​ឯក​រាជ្យ​របស់​ពួក​ផ្ដាច់​ខ្លួន​​ក្នុង​សកម្មភាព​ដែល​ «​​​ក្រុង​ម៉ូស្គូតុកហ្សិក​​​ជាង​ទីក្រុង​ព្យុងយ៉ាង​»​។

បន្ទាប់​ពី​រុស្ស៊ី ​និង​ស៊ីរី ​កូរ៉េ​ខាង​ជើង​ជា​ប្រទេស​ទី​៣​ហើយ​ ដែល​ទទួល​ស្គាល់​​សាធារណ​រដ្ឋ​ប្រជាមានិត​ដុនណិតស្ក៍​(DPR) ​និង​សាធារណៈ​រដ្ឋ​លូហានស្ក៍(​LPR)​​ របស់​ពួក​បះបោរ​ក្នុង​តំបន់​ដុនបាស​​ ថា​​ជា​រដ្ឋ​ឯករាជ្យ​។​​​

ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ​ (KCNA) ​​និយាយ​ថា​ រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង​អ្នក​ស្រី​Choe Son-hui ​បាន​ផ្ញើ​លិខិត​ទៅ​កាន់​«​សមភាគី​របស់​អ្នក​ស្រី​»​ក្នុង​តំបន់​ទាំង​២​ ដោយ​ទទួល​ស្គាល់​ការ​កាន់​កាប់​របស់​ពួក​គេ​។ ​​KCNA ​​រាយ​ការណ៍​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា​អ្នក​ស្រី ​Choe «​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រដ្ឋ​និង​រដ្ឋ​ជាមួយ​គ្នា​ក្នុង​គំនិត​នៃ​ឯករាជ្យ​ភាព​សន្តិភាព​និង​មិត្តភាព​»​។​​

ពេល​រុស្ស៊ី​កាត់​ទឹក​ដី​គ្រីមៀរ​របស់​អ៊ុយក្រែន​ថា​ជា​របស់​ខ្លួន​នៅ​ឆ្នាំ​ ២០១៤ ​កូរ៉េ​ខាង​ជើង​​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ទង្វើ​នោះ​ និង​សង្កត់​ធ្ងន់​លើ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​របស់​ខ្លួន​ជាមួយ​រុស្ស៊ី​ ដោយ​​​ស្តី​បន្ទោស​វិបត្តិ​អ៊ុយក្រែន​លើ​«​គោល​នយោបាយ​អនុត្តរភាព​»​របស់​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត​។​

​ចំណែង​រុស្ស៊ី​វិញ​បាន​គាំទ្រ​ពួក​ឧទ្ទាម​បំបែក​ខ្លួន​តាំង​ពី​ឆ្នាំ​ ២០១៤​ដោយ​ទទួល​ស្គាល់​ឯករាជ្យ​របស់​សាធារណ​រដ្ឋ​ទាំង​ដុនណិតស្ក៍ ​និង​លូហានស្ក៍​ មុន​បើក​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​​នៅ​ចុង​ខែ​កុម្ភៈ​។​ ​​រុស្ស៊ី​បាន​យក​អ្វី​ដែល​ខ្លួន​អះ​អាង​ថាជា​ការ​​ការពារ​អ្នក​និយាយ​ភាសា​រុស្ស៊ី​នៅ​ដុនបាស​ពី​ «​អំពើ​ប្រល័យ​ពូជ​សាសន៍​»​ ក្នុង​ការ​បើក​ប្រតិបត្តិការ​ឈ្លាន​ពាន​ ខណៈ​ក្រុង​កៀវ ​និង​លោក​ខាង​លិច​និយាយ​ថា​ នោះ​គ្រាន់​តែ​ជា​លេស​ និង​ការ​ឃោសនារបស់​រុស្ស៊ី​ដើម្បី​បង្កាត់​សង្រ្គាម​ឈ្លាន​ពាន​ប៉ុណ្ណោះ​។ ​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner