ក្រុមការងារអត្តសញ្ញាណកម្មចុះប្រជុំត្រួតពិនិត្យពង្រឹង ដល់មន្រ្តីប៉ុស្តិ៍ នគរបាលរដ្ឋបាល និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យការងារផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ ក្រុមការងារផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានចុះប្រជុំត្រួតពិនិត្យពង្រឹងដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលនិងមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ លើការងារផ្តល់ សេវា អត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋឱ្យលឿនឆាប់រហ័ស ត្រឹមត្រូវ តាមលិខិតបទដ្ឋានគតិយុត្ត របស់ក្រសួងមហាផ្ទៃនិង អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពលើការងារផ្តល់សេវា អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ។
កិច្ចប្រជុំដឹកនាំដោយ លោកវរសេនីយ៍ឯក កៅ សុវណ្ណារ៉ា ស្នងការ រងទទួលជំនួយដឹកនាំការិយាល័យគ្រប់គ្រងការស្នាក់នៅ ។
លោកស្នងការរង បានបញ្ជាក់ថា៖រាល់ការផ្តល់សេវា អត្តសញ្ញាណ កម្មជូនប្រជាពលរដ្ឋមិនតម្រូវឱ្យបង់ប្រាក់នោះទេ ជាងនេះថែមទៀត អនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី ភ្នំពេញ បានណែនាំដល់មន្រ្តីជំនាញផ្តល់សេវាអត្តសញ្ញាណកម្ម នៅ តាមអធិការដ្ឋាននគរបាលខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ មិនត្រូវរក្សាទុកចោលឯកសាររបស់ប្រជាពលរដ្ឋមកទទួលសេវាអត្តសញ្ញាណកម្មដែលបានធ្វើរួច ដើម្បីទាមទារប្រាក់ខុសច្បាប់ណានោះទេ អ្វីដែលប្រសើរត្រូវយកឯកសារទាំងនោះនាំយកផ្តល់ជូនផ្ទាល់ដៃប្រជាពលរដ្ឋនៅតាមលំនៅដ្ឋានតែម្តង។
នៅក្នុងកិច្ចប្រជុំលោកនាយករិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានលើកឡើងពីការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋគឺជាគោលការណ៍ប្រជាពលរដ្ឋមកធ្វើអត្តសញ្ញាណប័ណ្ណត្រូវមានឯកសារ ភ្ជាប់ជាមួយ គឺសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រចម្លងបញ្ជាក់កំណើត។ប៉ុន្តែក្នុងចំណោមឯកសារទាំង៣ គឺមានតែពីរឯកសារ ពោលគឺមានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ និងសំបុត្រចម្លងបញ្ជាក់កំណើត ក៏អាចផ្តល់បានផងដែរ។ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណនេះចាប់ពីប្រជាពលរដ្ឋទាំងពីរភេទមានអាយុ១៥ឆ្នាំឡើងទៅ។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និង លោកអធិការរងទទួលការងារជំនាញអត្តសញ្ញាណកម្ម ក៏បានលើក ឡើងពីបញ្ហាប្រឈមមួយចំនួន ដូចជាប្រជាពលរដ្ឋខ្លះមកធ្វើ សៀវភៅ គ្រួសារ និងសៀវភៅស្នាក់នៅ មិនបានភ្ជាប់ជាមួយសំបុត្រចម្លង បញ្ជាក់ កំណើត ឬលិខិតផ្លាស់ប្តូរទីលំនៅ ដែលនាំឱ្យមានការលំបាក ដល់មន្រ្តី ជំនាញ ជាពិសេសនៅពេលមន្រ្តីជំនាញណែនាំពួកគាត់ឱ្យធ្វើលិខិត ទាំងនេះភ្ជាប់មកជាមួយ ដើម្បីទទួលបានសៀវភៅស្នាក់នៅ ឬសៀវភៅ គ្រូសារ គឺពួកគាត់ខ្លះត្អូញត្អែថាស្រុកកំណើតនៅខេត្តឆ្ងាយពិបាក ធ្វើដំណើរនិងខាតពេលវេលារកស៊ីជាដើម ៕ ដោយ៖ គ្រី សម្បត្តិ






















