អាមេរិកអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់ការនិរទេសជនជាតិអ៊ុយក្រែនដោយបង្ខំដោយលើកឡើងពីឧក្រិដ្ឋកម្មសង្គ្រាម
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់ថូនី ប្ល៊ីងកែន (Antony Blinken) សរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឱ្យរុស្ស៊ីដោះលែងជនស៊ីវិលដែលត្រូវនិរទេសខ្លួនដោយបង្ខំពីអ៊ុយក្រែនជាបន្ទាន់ ដែលជាការចោទប្រកាន់អាចចាត់ទុកថាជាឧក្រិដ្ឋកម្មសង្រ្គាម។
លោក ប្ល៊ីងកែន និយាយថា សហរដ្ឋអាមេរិកសង្ស័យថា ពលរដ្ឋអ៊ុយក្រែនចន្លោះពី៩០០ ០០០ ទៅ ១,៦ លាននាក់ រួមទាំងកុមារ ២៦០ ០០០ ត្រូវបានឃុំខ្លួន និងនិរទេសចេញពីផ្ទះរបស់ពួកគេទៅរុស្ស៊ី។ លោកសរសេរទៀតថា៖ «អាជ្ញាធររុស្ស៊ីត្រូវតែដោះលែងអ្នកដែលត្រូវបានឃុំឃាំង អនុញ្ញាតឱ្យពលរដ្ឋអ៊ុយក្រែនដែលត្រូវបានបង្ខំឱ្យចេញពីប្រទេសរបស់ខ្លួន នូវលទ្ធភាពត្រឡប់មកផ្ទះវិញភ្លាមៗ និងដោយសុវត្ថិភាព»។
ដោយផ្អែកលើកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិដែលមានរុស្ស៊ីជាម្ចាស់ហត្ថលេខីលោក ប្ល៊ីងកែនសរសេរថា៖ «ការផ្ទេរ និងការនិរទេសដោយខុសច្បាប់នៃមនុស្សដែលត្រូវបានការពារ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវទី៤ស្តីពីការការពារជនស៊ីវិល និងឧក្រិដ្ឋកម្មសង្គ្រាម»។
អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩កំណត់ស្តង់ដារច្បាប់អន្តរជាតិ និងការការពារសម្រាប់ការមើលថែរបែបមនុស្សធម៌ក្នុងអំឡុងពេលសង្រ្គាម និងហាមឃាត់យ៉ាងច្បាស់នូវការផ្ទេរជនស៊ីវិលដោយបង្ខំយ៉ាងច្រើន។
ទន្ទឹមជាមួយគ្នានោះ លោក ប៊្លីងកែនក៏អំពាវនាវឱ្យទីក្រុងម៉ូស្គូអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ភាគីទី៣ចូលទៅ «ជំរុំបន្សុទ្ធ» របស់រុស្ស៊ីផងដែរ។ លោក ប្ល៊ីងខិន សរសេរថា៖ «អ្នកដែលត្រូវបានឃុំខ្លួន ឬចូលក្នុងជំរុំបន្សុទ្ធ រួមមានជនជាតិអ៊ុយក្រែនដែលត្រូវបានគេចាត់ទុកថានឹងបង្កការគំរាមកំហែង ដោយសារតែពួកគេអាចចូលរួមជាមួយកងទ័ព កងកម្លាំងការពារទឹកដី ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាល និងក្រុមសង្គមស៊ីវិលរបស់អ៊ុយក្រែន»។
ជំរុំបន្សុទ្ធ ដែលពីមុនហៅថាជាតង់បណ្ដោះអាសន្នដ៏ធំ គឺជាកន្លែងទទួលមនុស្សដំបូងសម្រាប់ជនជាតិអ៊ុយក្រែនដែលជម្លៀសទៅ គេនឹងថតរូបយកស្នាមម្រាមដៃ ដោះអាវ បង្ខំឱ្យបើកទូរស័ព្ទដៃ ដោះពាក្យសង្ងាត់ និងសួរអត្តសញ្ញាណជាដើម ហើយបន្ទាប់មកគេសួរចម្លើយ ដោយជួយកាលត្រូវបានគេរាយការណ៍ថា រងទារុណកម្មពីអាជ្ញាធររុស្ស៊ីផងក៏មាន។
ស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN)លោកស្រី Michelle Bachelet ព្រមានកាលពីសប្តាហ៍មុនថា ការិយាល័យរបស់លោកស្រីបានប្រមូលភស្តុតាងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបង្ហាញថាកងកម្លាំងរុស្ស៊ីបានអនុវត្តការសម្លាប់ដោយខុសច្បាប់ និងការកាត់ទោសប្រហារជីវិតប្រជាជនអ៊ុយក្រែនដោយក្រុមអ្នកស៊ើបអង្កេតរបស់ UN រកឃើញសាកសពជនស៊ីវិលជាង១ ២០០ នាក់នៅក្រុងកៀវ។
កន្លងមក រុស្ស៊ីរងការចោទប្រកាន់ពីអ៊ុយក្រែន និងលោកខាងលិចថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដោយសម្លាប់ជនស៊ីវិលមិនរើសមុខ ដូចជាករណីនៅក្រុងប៊ូឆា ក្បែរក្រុងកៀវជាដើម។ រុស្ស៊ីដែលហៅការឈ្លានពានរបស់ខ្លួនថាជាប្រតិបត្តិការយោធាពិសេស តែងបដិសេធរាល់ការចោទប្រកាន់ចាប់ពីនិរទេសជនស៊ីវិលអ៊ុយក្រែនដោយបង្ខំ រហូតដល់ការដាក់គោលដៅវាយប្រហារលើជនស៊ីវិលដោយនិយាយថាជារឿងកុហកខុសពីការពិត។

ប្រភព៖ CNBC