សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំគណៈប្រភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ
ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១១:៥០ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ សមាជិក សមាជិកាព្រឹទ្ធសភា និង មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមសម្តែង នូវការ សោកស្តាយចំពោះការបាត់បង់ឯកឧត្តម អ៊ឹង គៀត ដែលជា បុគ្គលដ៏ ឆ្នើមមួយរូប ពោរពេញដោយចំណេះដឹង វិជ្ជាជីវៈ និងបទពិសោធន៍ ដ៏ខ្ពង់ខ្ពស់ ដោយឯកឧត្តមបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិជាច្រើនជំនាន់ ដើម្បីឧត្តម ប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។
សពឯកឧត្តម អ៊ឹង គៀត ត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋានស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ ដោយ៖ គ្រី សម្បត្តិ រូបភាព ព្រឹទ្ធសភា