បញ្ហានយោបាយបង្អាក់ដំណើរការបង្រួបបង្រួមជាតិកម្ពុជា
បន្ទាប់ពីកិច្ចប្រជុំលើកទី១ បានទទួលលទ្ធផលមួយកម្រិតនោះ កិច្ចប្រជុំលើកទី២ រវាងក្រុមប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ និងក្រុមមេដឹកនាំខ្មែរក្រហមតំបន់ម៉ាឡៃ និងប៉ៃលិន ត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩៦ នៅសណ្ឋាគារ រឿនខាន់ ក្នុងខេត្តច័ន្ទបូរីប្រទេសថៃ។ ប៉ុន្តែការប្រជុំលើកនេះហាក់ដូចជាកិច្ចសម្របសម្រួលសភាពការណ៍មួយទៅវិញ ដោយហេតុថា កិច្ចប្រជុំលើកនេះបានក្លាយជាកិច្ចប្រជុំចំហខុសប្លែកពីកិច្ចប្រជុំលើកទី១ ដោយសមាសភាពចូលរួម ត្រូវបានកំណត់ ចំពោះតែសមាជិកក្រុមការងារ និងដៃគូដែលត្រូវពិភាក្សា។ ក៏ប៉ុន្តែនៅពេលដំណើរការប្រជុំ មានសមាសភាពចូលរួមបន្ថែមក្នុងនោះមានលោក ញឹក ប៊ុនឆៃ និងលោក ឡុង សារិន (ជាមន្ត្រីទូតខ្មែរប្រចាំទីក្រុងបាងកក) ដែលជាសមាជិកគណបក្សដៃគូក្នុងរាជរដ្ឋាភិបាល បានចូលរួមដោយគ្មានការអញ្ជើញ។
ទោះជាយ៉ាងណាកិច្ចប្រជុំបានដំណើរការចប់ចុងចប់ដើម និងបានប្រមូលផ្តុំលើខ្លឹមសារគោលនយោបាយបង្រួបបង្រួមជាតិរបស់រាជរដ្ឋាភិបាល និងគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន។ ប៉ុន្តែជាលទ្ធផល មិនទទួលបានតាមការរំពឹងទុកដូចកិច្ចប្រជុំលើកមុននោះឡើយ ដោយហេតុថា មានការជ្រៀតជ្រែកពីមជ្ឈដ្ឋានផ្សេងៗ បានធ្វើឱ្យក្រុមខ្មែរក្រហមប៉ៃលិន និងម៉ាឡៃ មានការប្រែប្រួលជំហរ និងមានសតិអារម្មណ៍ឃ្លេងឃ្លោងក្នុងការរៀបចំដំណើរការផ្តាច់ខ្លួន។
ដូចអ្វីដែលលោក កែវ ពង្ស បានរំឭកថា ក្នុងពិធីសិក្ខាសាលាបូកសរុបការងារយោធារដូវប្រាំង ឆាំ្ន១៩៩៥-៩៦ និងទិសដៅរដូវវស្សាឆ្នាំ១៩៩៦ ដែលបានប្រារព្ធនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៩៦ នៅក្រសួងការពារជាតិ លោកបានចូលរួម ហើយក្នុងឱកាសនោះ ឧត្ដមសេនីយ៍ ញឹក ប៊ុនឆៃ បានហៅលោក កែវ ពង្ស មកអង្គុយជិតលោក និងបាននិយាយមកកាន់លោក កែវ ពង្ស ថា «មិនគួរណាឱ្យកម្លាំងខ្មែរក្រហមឆាប់ចូលរដ្ឋាភិបាលលឿនពេកនោះទេ»។ ទោះមិនបញ្ជាក់ពីមូលហេតុ ប៉ុន្តែសម្រាប់លោក កែវ ពង្ស បានយល់ច្បាស់អំពីអត្ថន័យដែលលោក ញឹក ប៊ុនឆៃ លើកឡើងហើយធ្វើឱ្យលោកមានអារម្មណ៍ថា វាមិនល្អ និងពោរពេញទៅដោយគ្រោះថ្នាក់ និងផ្ទុយពីគោលការណ៍បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ៕
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #អតីតកាល #ប្រវត្តិសាស្រ្ដ #បញ្ហានយោបាយ #ការបង្រួបបង្រួមជាតិកម្ពុជា #ដំណើរកម្ពុជា