ក្រសួងពាណិជ្ជកម្ម ៖ អង្ករបាត់ដំបង បង្គាក្រៀមកំពង់សោម កោះកុង ប្រហុកត្រីសៀមរាប ផ្កាអំបិលកំពត-កែប នឹងត្រូវចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ
ក្រសួងពាណិជ្ជកម្ម កំពុងពន្លឿនការចុះម៉ាកសម្គាល់ភូមិសាស្រ្តលើផលិតផលសក្តានុពល ៤មុខទៀតក្នុងពេលដ៏ខ្លីខាងមុខ។ ផលិតផលទាំង ៤មុខនេះរួមមាន៖ អំបិល និងផ្កាអំបិលកំពត-កែប អង្ករបាត់ដំបង បង្គាក្រៀមកំពង់សោម បង្គាក្រៀមកោះកុង និងប្រហុកត្រីសៀមរាប ។
ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ពិតជាមានសារសំខាន់ ដល់កិច្ចការពារប្រយោជន៍ និងបង្កើនតម្លៃដល់អ្នកផលិត ជាពិសេសទប់ស្កាត់ការក្លែងបន្លំប្រភពដើម។ ថ្មីៗនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចុះទៅសិក្សា និងកំណត់ផលិតផលសក្តានុពល សម្រាប់កសាងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញមួយចំនួនដែលរួមមាន៖ បង្គាក្រៀមកំពង់សោម បង្គាក្រៀមកោះកុង អំបិល និងផ្កាអំបិលកំពត-កែបជាដើម ។ មិនតែប៉ុណ្ណោះ នាយកដ្ឋានកម្មសិទ្ធិបញ្ញា ក៏បានយកសំណាកទឹក សមុទ្រ ដី និងអំបិល ទៅពិនិត្យមើលគុណភាព អំបិល និងផ្កាអំបិល តាមមណ្ឌលផលិត កម្មចំនួន ៧ក្នុងខេត្តកែប និងកំពត ដើម្បីរៀបចំបង្កើតសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សៀវភៅលក្ខន្តិកៈសមាគម បទបញ្ជាផ្ទៃក្នុង សៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ រូបសញ្ញាម៉ាកសម្គាល់ភូមិ សាស្រ្តទំនិញ «អំបិល និងផ្កាអំបិលកំពត-កែប» និងឯកសារពាក់ព័ន្ធផ្សេងៗ ។
លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានលើកឡើងថា ក្រៅពីអំបិល និងផ្កាអំបិលកំពត-កែប ក្រសួងពាណិជ្ជកម្ម ក៏កំពុងស្វះស្វែងរកអង្គការដៃគូអភិវឌ្ឍន៍ និងសិក្សាលទ្ធភាពក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ឬម៉ាកសមូហភាព លើវិស័យកសិកម្ម និងជលផលរួមមាន អង្ករបាត់ដំបង បង្គាក្រៀមកំពង់សោម បង្គាក្រៀមកោះកុង និងប្រហុកត្រីសៀមរាប ដែលសុទ្ធសឹងតែជាផលិតផលសក្តានុពលរបស់ប្រទេសកម្ពុជា។
លោក បានជំរុញឱ្យ គ្រប់ភាគីពាក់ព័ន្ធ នឹងចូលរួមអនុវត្តគម្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «អំបិល និងផ្កាអំបិលកំពត-កែប»នេះ ឱ្យបានទទួលជោគជ័យ ក្នុងពេលឆាប់ៗ។
កន្លងមក លោក ប៊ុន ណារិន ប្រធានបច្ចេកទេសនៃការផលិតអំបិល មន្ទីរឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត ប្រាប់ថា រយៈពេល ៤ខែ ឆ្នាំ២០២២មកនេះ កសិករផលិតអំបិល បានត្រឹមជិត២ម៉ឺនតោនប៉ុណ្ណោះ ព្រោះតែបញ្ហាអាកាសធាតុ ជាពិសេសភ្លៀងធា្លក់ច្រើន នាអំឡុងខែកុម្ភៈ និងខែមីនា ដែលជារដូវសំខាន់នៃការប្រមូលអំបិល។
បើតាមលោក ណារិន កន្លងមកអំបិលកម្ពុជា ក៏ត្រូវបាននាំចេញទៅទីផ្សារប្រទេសមួយចំនួន ក្នុងតំបន់អឺរ៉ុប ក្នុងបរិមាណ១ ទៅ២តោនផងដែរ ដូចជាប្រទេសបារាំង និងឆែក ជាដើម។
ក្រៅពីខេត្តកំពត កម្ពុជាក៏មានស្រែអំបិលនៅខេត្តកែប ប្រមាណ ១ ០០០ហិកតាផងដែរ។ តាមរយៈផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២០-២០៣៥ ដីស្រែអំបិលកំពត និងកែបនេះ កម្ពុជានឹងត្រូវបង្កើតសារមន្ទីរ «ស្រែអំបិល» ដើម្បីទាក់ទាញអ្នកទេសចរផងដែរ ៕ Page ដោយ ៖ ជា សេឌី








