អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ជាឱឡារិកគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

ភ្នំពេញ៖ អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ជាឱឡារិកនូវការគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋ មន្ត្រីសម្រាប់ពេលអនាគត។ នេះបើតាមសេចក្តីជូនដំណឹងស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបាននៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ។

នៅក្នុងសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញនៃ គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅ ថ្ងៃទី ១៦ និងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេច ក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល។

អញ្ជើញចូលរួមក្នុងសន្និបាតនេះមានសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាលចំនួន ៧៤៣ រូប លើបរិមាណរួម ៨៦៥រូប និងមន្ត្រីគណបក្សជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៃគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមការងារគណបក្សចុះមូលដ្ឋានជាច្រើនរូបទៀត ធ្វើឱ្យចំនួនសមាជិកចូលរួមសរុប មាន ៣៤៧៤ រូប៕ ដោយ ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner