អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា គាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជា សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ

ភ្នំពេញ៖ អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា គាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ។ នេះបើតាមសេចក្តីជូនដំណឹងស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបាននៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ។

នៅក្នុងសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញនៃ គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅ ថ្ងៃទី ១៦ និងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេច ក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល។ អញ្ជើញចូលរួមក្នុងសន្និបាតនេះមានសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាលចំនួន ៧៤៣ រូប លើបរិមាណរួម ៨៦៥រូប និងមន្ត្រីគណបក្សជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៃគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមការងារគណបក្សចុះមូលដ្ឋានជាច្រើនរូបទៀត ធ្វើឱ្យចំនួនសមាជិកចូលរួមសរុប មាន ៣៤៧៤រូប។

យោងតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា អង្គសន្និបាតគាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺ ៖ (ទី១)-ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេស អំណាចនីតិ ប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និង (ទី២)- ការធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បី ជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

សូមរំលឹកថា ថ្លែងក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា វិសោធនកម្មលើកទី១០នេះ គឺធ្វើឡើងដើម្បីបំពេញ ចន្លោះខ្វះខាតក្នុងរដ្ឋធម្មនុញ្ញ ដែល យើងបានមើលឃើញទាំងអស់គ្នា។

ឯកត្តម បានបញ្ជាក់ថា ការធ្វើវិសោនធកម្មនេះ គឺដើម្បីធានាដំណើរការដល់ស្ថាប័នជាតិ ដែលធ្វើឱ្យកិច្ចដំណើរការប្រព្រឹត្តទៅដោយល្អរលូន ប្រកបដោយនិរន្តរភាព ក្នុងទិសដៅ ការពារនូវឧត្តមប្រយោជន៍ជាតិ ហើយជាពិសេសគឺធានានូវ សន្តិភាពស្ថិរភាព សេចក្តី សុខសានរបស់ប្រជាជន ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។

ឯកត្តមកើត រិទ្ធ បានបន្តថា ការកែវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ នៅតែប្រកាន់ខ្ជាប់ នូវគោលការណ៍គ្រឹះដែលមានចែងក្នុងរដ្ឋធម្ម នុញ្ញ គឺរបបប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបដឹកនាំតាមបែប សភានិយម នៅកម្ពុជា ហើយក៏ពុំបានធ្វើឡើងក្នុងពេលដែលប្រទេសជាតិមានភាពចលាចលនោះឡើយ ។

ឯកត្តម កើត រិទ្ធ ក៏បានច្រានចោលចំពោះមតិដែលចង់ឱ្យមានការធ្វើប្រជាមតិមុន កែរដ្ឋធម្មនុញ្ញ ដោយសារតែរដ្ឋធម្មនុញ្ញកម្ពុជា មិនបានចែងថា ត្រូវតែធ្វើប្រជាមតិទើបអនុញ្ញាត ឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះទេ។ លោកថាប្រសិនបើធ្វើប្រជាមតិនោះវានឹងខុស ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានបើកកិច្ចប្រជុំពេញអង្គ រៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើ វិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តី ពីវិសោធន កម្មមាត្រាទាំង៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ អាចធ្វើទៅបាន ដោយពុំប៉ះ ពាល់ប្រព័ន្ធប្រជាធិបតេយ្យឡើយ៕ ដោយ ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner