អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញគណបក្សប្រជាជនកម្ពុជា កត់សម្គាល់ដោយមោទនភាពចំពោះជោគជ័យនៃដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅ ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំនយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ ៖ អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា កត់សម្គាល់ដោយមោទនភាពចំពោះជោគជ័យនៃដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅ ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំនយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបាននៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ។

នៅក្នុងសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា អង្គសន្និបាតធ្វើការកត់សម្គាល់ប្រកបដោយមោទនភាពចំពោះជោគជ័យនៃដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដែលបានប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការ គំរាមកំហែង។ ជោគជ័យនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំនយោបាយនៃដំណើរការប្រជាធិបតេយ្យនៅ កម្ពុជា ដោយអនុវត្តរបបបោះឆ្នោតពហុបក្សជាប់លាប់តាមពេលវេលាកំណត់ រក្សាបានភាពចម្រុះខាងនយោបាយ នៅគ្រប់ថ្នាក់តាំងពីថ្នាក់ជាតិដល់មូលដ្ឋាន ។

អង្គសន្និបាតសម្ដែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឲ្យគុណត បានទទួលជ័យជម្នះដ៏ត្រចះត្រចង់ដោយទទួលបានសំឡេងគាំទ្រស្មើនឹង ៧៤,៣២% នៃសំឡេងឆ្នោតច្រើនៃការ សរុប ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ៨០,៦៧% និងទទួលតំណែងជាមេឃុំ ចៅសង្កាត់ ៩៩,៧៦៥។

នៅក្នុងសេចក្តីជូនដំណឹង បានបន្តថា តាមរយៈជ័យជម្នះនេះ បានឆ្លុះបញ្ចាំងនូវការផ្តល់យុត្តិធម៌របស់ប្រជាពលរដ្ឋចំពោះសច្ចភាពនៃការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន និងបង្ហាញច្បាស់ថាប្រជាជនគាំទ្រសន្តិភាព គាំទ្រការអភិវឌ្ឍ និងគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ អង្គសន្និបាតកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់អង្គការចាត់តាំង មន្ត្រី និងសកម្មជនរបស់គណបក្ស ដែលបានប្រឹងប្រែងគ្រប់លទ្ធភាព យកអស់កម្លាំងកាយ កម្លាំងចិត្តលះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន ផ្សារភ្ជាប់ជាមួយមូលដ្ឋានជាមួយប្រជាជន ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ ដើម្បីបម្រើបុព្វហេតុរបស់គណបក្ស ។

សូមជម្រាបថា សន្និបាត គណៈកម្មាធិការកណ្ដាលវិសាមញ្ញនៃគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេច ក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល។ អញ្ជើញចូលរួមក្នុងសន្និបាតនេះមានសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាលចំនួន ៧៤៣ រូប លើបរិមាណរួម ៨៦៥រូប និងមន្ត្រីគណបក្សជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៃគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមការងារគណបក្សចុះមូលដ្ឋានជាច្រើនរូបទៀត ធ្វើឱ្យចំនួនសមាជិកចូលរួមសរុប មាន ៣៤៧៤រូប ៕ ដោយ ៖ ស៊ូ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner