អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញគណបក្សប្រកាសគាំទ្រ និងចូលរួមសកម្មដើម្បីសម្រេចនូវ “គម្រោងសម្ដេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីនក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

ភ្នំពេញ៖ អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្ស ប្រជាជនកម្ពុជា ប្រកាសគាំទ្រ និងចូលរួមសកម្មដើម្បីសម្រេចនូវ “គម្រោងសម្ដេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីនក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ នេះបើតាមសេចក្តីជូនដំណឹងស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបាននៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ។

នៅក្នុងសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា អង្គសន្និបាតបានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ អំពីកត្តាធំៗនៃជ័យជម្នះរបស់គណបក្សដែលត្រូវយក ចិត្តទុកដាក់ពង្រឹង និងពង្រីកបន្តទៀត ព្រមទាំងចំណុចខ្វះខាតនានាដែលត្រូវខិតខំដោះស្រាយ និងកែលម្អដើម្បី ពង្រឹងជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្ស។ ក្នុងស្មារតីនេះ គណបក្សបន្តជំរុញការអនុវត្តរាល់ ទិសដៅជាអាទិភាពទាំងឡាយដោយឆន្ទៈមោះមុត ឱ្យទទួលបានលទ្ធផលល្អប្រសើរ គឺការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពភូមិ ឃុំ សង្កាត់, ការគ្រប់គ្រងការឆ្លងរាលដាលនៃ ជំងឺកូរីដ-១៩ ការពារខឿនសុខភាពប្រជាជន, ការស្តារ អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជនក្រោយវិបត្តិជំងឺកូវីដ-១៩ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

អង្គសន្និបាតគាំទ្រពេញទំហឹងការខិតខំរបស់រាជរដ្ឋាភិបាលដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់ អតិផរណា និងរក្សាអំណាចទិញរបស់ប្រាក់រៀលសំដៅរក្សាលំនឹងនៃជីវភាពប្រជាជន ក្នុងបរិការណ៍ត្រូវទទួល រងសម្ពាធពីការវិវត្តប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍អន្តរជាតិ។ ជំរុញការអនុវត្តគោលនយោបាយគាំពារ សង្គម ជាពិសេសការជួយគាំពារជនក្រីក្រ និងជនរងគ្រោះដោយជំងឺកូរីដ-១៩, ការដំឡើងបៀវត្សរបស់មន្ត្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ, ការកែសម្រួលប្រាក់សោធននិវត្តន៍មន្ត្រីរាជការ និងអតីតយុទ្ធជនការអនុវត្ត ប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ និងការដំឡើងប្រាក់ ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។

ជាមួយគ្នានេះដែរ សន្និបាត ក៏បានប្រកាសគាំទ្រ និងចូលរួមសកម្មដើម្បីសម្រេចនូវ “គម្រោងសម្ដេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីនក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានសម្រេចបង្កើត “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន (Samdech Techo Project for Mine Action_STP – MA) ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម (Providing Safe Ground, Creating Smiles) ក្រោមការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោយអាជ្ញាធរមីន ដែលមានសម្តេចតេជោ ជាប្រធាន ។

ជាមួយនេះ បើតាមការចេញផ្សាយរបស់អាជ្ញាធរមីន បានឱ្យដឹងថា គម្រោងនេះ បានកើតចេញពីការអំពាវនាវរបស់សម្តេចតេជោ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិ នៅតំបន់អាងទឹកត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ និងជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលការបោសសម្អាតមីន មានការចូលរួមគាំទ្រយ៉ាងផុសផុលពីកាកបាទក្រហមកម្ពុជា វិស័យឯកជន និងសប្បុរសជន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

បើតាម ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាគ្រួសារវិស័យសកម្មភាពមីនកម្ពុជា បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ និងទីកន្លែង។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា បន្ទាប់ពីមានការចូលរួមវិភាគទាននេះ អាជ្ញាធរមីន បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសជាបន្តបន្ទាប់ ដើម្បីរៀបចំផែនការលម្អិតសម្រាប់កំណត់គោលដៅបោសសម្អាត មីនជាអាទិភាព។

ជាមួយគ្នានេះ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ក៏បានដឹកនាំកិច្ចប្រជុំជាមួយប្រតិបត្តិករជាតិរួមមាន៖ បញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ដើម្បីធ្វើការបែងចែកកម្លាំងបោសសម្អាតមីន និងធនធាននានាតាមគោលការណ៍កំណត់ជាអាទិភាព ក្នុងគោលដៅផ្តល់សុវត្ថិភាព និងស្នាមញញឹមជាប្រជាពលរដ្ឋកម្ពុជា ៕ដោយ: វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner