ជនសង្ស័យចំនួន ០៣នាក់ពាក់ព័ន្ធករណីហិង្សា ដោយ ចេតនា បណ្ដាលឲ្យបុរសម្នាក់រងរបួស ត្រូវនគរបាលឃាត់ខ្លួន
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់យកទៅសួរនាំពាក់ព័ន្ធករណីហិង្សាដោយចេនា បណ្តាលឱ្យបុរសម្នាក់រងរបួសកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅបន្ទប់ជួលលេខL12 ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះរួមមាន៖ទី១-ឈ្មោះសួន សុភក្ត្រ ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទី២-ឈ្មោះសួន វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ទី៣-ឈ្មោះសួន គឹមសុង ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរលក់ដូរ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះឡង ហុងលី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា កន្លងមកជនរងគ្រោះនិងឈ្មោះសួន សុភក្ត្រ ធ្លាប់មានទំនាស់ទឹងគ្នាម្តងរួចមកហេីយដោយនៅមានចិត្តគុំកួននឹងគ្នា។ លុះមកដល់ថ្ងៃកេីតហេតុ ជនរងគ្រោះបាននិយាយឌឺដងដាក់ប្អូនរបស់ខ្លួន ពេលនោះជនសង្ស័យឮ ហើយដោយស្មានតែថាឱ្យរូបគេ ក៏មកសួរថា មានរឿងអីមែន? ភ្លាមនោះជនរងគ្រោះក៏ទាញដំបងទីបមកបម្រុងវាយជនសង្ស័យ។ បន្ទាប់មកជនសង្ស័យទាញកាំបិតចុងស្រួចហេីយក៏មានបងប្អូន២នាក់ទៀតមកជួយ ទេីបធ្វេីឱ្យបង្កហិង្សាដាក់គ្នាបណ្តាលឱ្យជនរងគ្រោះរបួសត្រចៀកម្ខាង ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍ សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ដោយ៖ ជីម ភារ៉ា