ឯកឧត្តម សែ សុឃន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ
កំពង់ធំ៖ ឯកឧត្តម សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងឯកឧត្ដម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម ឌិត ធន សមាជិកក្រុមប្រឹក្សាខេត្តលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងសមាជិកសមាជិកា អញ្ជើញចូលរួមក្នុងពិធីប្រកាសភារកិច្ច លោក សំ កុសល ជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ ។
លោក សំ កុសល ជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ដែលទើបប្រកាសថ្មីៗ បានឡើងប្ដេជ្ញាចិត្ត ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា មានកិច្ចសហការណ៍ល្អ ជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និង កងកម្លាំទាំងបី រួមគ្នាអនុវត្តច្បាប់ និងកម្មវិធីនយោបាយ។ ជាពិសេសយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន និងម៉ឹងម៉ាត់ ដើម្បីឲ្យប្រទេសយើង ទទួលបានការរីកចម្រើនទៅមុខជានិរន្តន៍។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ មានប្រសាសន៍ សូមឱ្យលោក សំ កុសល ដឹកនាំអង្គភាពគយ និងរដ្ឋាករខេត្តកំពង់ធំ ទទួលបានជោគជ័យ បន្ថែមទៀត។ ដូចដែលយើងបានដឹងហើយថា អង្គភាពគយ និងរដ្ឋាករ ជាអង្គភាពមួយដើរតួនាទី យ៉ាងសំខាន់ ក្នុងការស្វែងរកចំណូលជូនជាតិ ។ ជាស្ថាប័នជំនាញពាក់កណ្តាលប្រដាប់អាវុធ សម្រាប់ការត្រួតពិនិត្យ ប្រមូល ពន្ធអាករ និងកម្រៃគ្រប់ប្រភេទ ពីទំនិញនាំចេញ នាំចូល ក៏ដូចជាការបង្ការបទល្មើសគេចពន្ធរាល់ទំនិញនាំចេញ នាំចូល ព្រមទាំងសម្រួលដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ។ ដូចនេះក្នុងនាមអាជ្ញាធរខេត្ត សូមអះអាងថានឹងផ្ដល់កិច្ចសហការណ៍យ៉ាងល្អប្រសើរ រាល់កិច្ចការ ឬសំណូមពរ របស់សាខាគយ និងរដ្ឋាករខេត្តកំពង់ធំ។
ឯកឧត្តម សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសំណូមពរដល់អង្គពិធីទាំងមូល ចូលរួមទប់ស្កាត់គ្រប់ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ ដោយសារការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវបានជំរុញឱ្យអនុវត្តជាប្រចាំដើម្បីរួមចំណែកក្នុងការធ្វើឱ្យមូលដ្ឋានទទួលបានភាពកក់ក្តៅ ៕ ដោយ ប៊ុន រដ្ឋា