ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានឆន្ទៈមោះមុតបន្តផ្តោតលើការជំរុញនាវាកម្ពុជាឱ្យធ្វើដំណើរទៅមុខជារៀងរហូត បើទោះបីជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ, ពិសេស ក្នុងរយៈពេល ២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខិតខំតស៊ូ ការពារអាយុជីវិតប្រជាជនរហូតទទួលបានជោគជ័យ និងមានការអបអរសាទរពីសហគមន៍ជាតិ អន្តរជាតិដល់យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ ក្រុមយុវជនគណបក្ស សាខាវិទ្យាល័យ អនុវិទ្យាល័យ និងសាខាបក្សភូមិ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ។
បន្ទាប់ពីលោក ស៊ឹម គង់ ប្រធានគណបក្សស្រុកស្រីសន្ធរ ឡើងរាយការណ៍ពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការបម្រើសេវាសាធារណៈ ការអភិវឌ្ឍន៍ក្នុងស្រុករួចមក, ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម ក៏ដូចជា បងប្អូនប្រជាពលរដ្ឋស្រុកស្រីសន្ធរ ដែលរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់សម្តេចតេជោ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាច្រើនអាណត្តិកន្លងមក ទាំងការបោះឆ្នោតជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសថ្មីៗនេះគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបងប្អូនបានបោះឆ្នោតជូនបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា មានឱកាសបន្តបំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាជនឱ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ សង្កាត់បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ខួបទី ៧១ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា ដែលប្រារព្វធ្វើថ្មីៗនេះ គឺក្នុងបរិយាកាសល្អប្រសើរពោរពេញដោយក្តីរីករាយ, រីករាយទី១. ចំពោះជោគជ័យនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ និងសង្ឃឹមថា នឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧, និងទី២. ផ្សារភ្ជាប់ទៅនឹងខួបលើកទី៤៥ នៃការតស៊ូរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីវាយរំលំរបបប្រល័យពូជសាសន៏ ប៉ុល ពត, រំដោះប្រទេស និងប្រជាជនកម្ពុជា ពីការកាប់សម្លាប់ដ៏រង្គាល នៃរបបយង់ឃ្នងនេះ និងខិតខំការពារ និងកសាងប្រទេសជាតិរហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍន៏លើគ្រប់វិស័យ។ ដូចនេះយើងត្រូវការពារសន្តិភាពឲ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ ។


ឯកឧបនាយករដ្ឋមន្ត្រីបន្ថែមថា យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់ថ្នាក់ត្រូវក្តាប់ឱ្យជាប់នូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្ស គឺ “ខិតខំរក្សាប្រៀបឈ្នះ និងបន្តពង្រីកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាឆ្នាំ២០២៣ ” ៕ ប្រភព ៖ ទីស្តីការគណៈរដ្ឋមន្ត្រី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner