គិតមកដល់ថ្ងៃនេះ មានអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ចំនួន ២១៥រូប ក្នុងចំណោម ៣៧៣រូប យល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ចំនួន ៥រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយ តាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
យោងតាមប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីការទទួលដំណោះស្រាយរបស់អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍បន្តបន្ទាប់និងពិសេសរាប់ទាំងថ្ងៃនេះផងឃើញថា មានអតីតបុគ្គលិកសរុបចំនួន ២១៥រូប ក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការ ទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រម ទទួលយកសំណងនៅសល់ត្រឹម ១៥៨រូប។
ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងដែរថា នាពេលកន្លងមក មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន ៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។
ជាមួយគ្នាទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រៀមខ្លួនដើម្បីជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឱកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ ៕ ដោយ៖ម៉ាដេប៉ូ