បណ្ឌិត សេក សុជាតិ ត្បកឱ្យទណ្ឌិតរត់ចោលស្រុករឿងប្រតិកម្មការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ
ភ្នំពេញ៖ បណ្ឌិត សេក សុជាតិ នាយកប្រតិបត្តិការអង្គការអភិវឌ្ឍន៍ថ្នត់គំនិត និងជាអ្នកវិភាគ បានត្បកឱ្យទណ្ឌិតរត់ចោលស្រុកដែលបានប្រតិកម្មការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញលើកទី១០ ថា សមត្ថភាពថ្នាក់ដឹកនាំនៅក្នុងគណបក្សក្រៅរដ្ឋាភិបាល ឬក៏គណបក្សប្រឆាំង គឺបង្ហាញអំពីទន់ខ្សោយ ឬក៏ទន់ជ្រាយ មិនមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការប្រជែងអំណាចជាមួយនឹងគណបក្សកាន់អំណាច ហើយបង្ហាញអំពីភាពអវិជ្ជមានមួយចំនួន នៃមន្ត្រីរបស់គណបក្សប្រឆាំង ហើយមិនគួរណាធ្វើការប្រកួតប្រជែង ឬក៏ធ្វើការសម្តែងមតិពីចម្ងាយដើម្បីសម្តែងនូវក្តីព្រួយបារម្ភអីទេ។
បណ្ឌិត សេក សុជាតិ បានថ្លែងប្រាប់ AMS នៅថ្ងៃទី១៩ ខែកក្កដានេះថា ការលើកឡើងរបស់លោក សម រង្ស៊ី ទាក់ទងការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជារឿងត្រឹមត្រូវហើយ ពីព្រោះគាត់មើលឃើញថា វាមានភាពមិនប្រក្រតីខ្លះ គឺជារឿងចៀសមិនផុតទេ ក៏ប៉ុន្តែអ្វីដែលយើងសង្កត់ធ្ងន់ និងអ្វីដែលយើងមើលឃើញវែងឆ្ងាយ មានន័យថា សមត្ថភាពថ្នាក់ដឹកនាំនៅក្នុងគណបក្សក្រៅរដ្ឋាភិបាល ឬក៏គណបក្សប្រឆាំង គឺបង្ហាញអំពីទន់ខ្សោយ ឬក៏ទន់ជ្រាយ មិនមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការប្រជែងអំណាចជាមួយនឹងគណបក្សកាន់អំណាច។ ដូច្នេះបានត្រឹមតែប្រើវោហារស័ព្ទនយោបាយ ដើម្បីកែប្រែស្ថានការណ៍ ហើយសម្តែងក្តីព្រួយបារម្ភជាសាធារណៈដើម្បីទាក់ទាញប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ឆ្នោតឱ្យមើលឃើញថា គាត់ជាជនរងគ្រោះជាដើម។ ប៉ុន្តែបើសិនជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញច្រើនលើកច្រើនសាបែបនេះ គឺជាឱកាសវិញទេ នៅពេលដែលមេដឹកនាំបក្សនៅក្រៅរដ្ឋាភិបាល ឬក៏គណបក្សប្រឆាំង គួរតែប្រើប្រាស់នូវសមត្ថភាពនៅក្នុងការតស៊ូមតិឱ្យបានខ្លាំងក្លា និងលើកអំពីអំណះអំណាងឱ្យចំៗ ធ្វើការតស៊ូមតិជាសាធារណៈ ហើយមិនមែនធ្វើត្រឹមតែវោហាស័ព្ទនយោបាយបន្តិចបន្តួចអាចយកជ័យជម្នះ ឬទទួលការគាំទ្រពីប្រជាពលរដ្ឋនោះទេ។
បណ្ឌិត សេក សុជាតិ បានបន្តថា ក្នុងករណីនេះ លោកមើលឃើញអំពីភាពអសកម្ម ហើយនឹងអសកម្មភាព នៃមន្ត្រីរបស់គណបក្សក្រៅរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រឆាំង ដែលគ្មានសមត្ថភាពនៅក្នុងការតស៊ូមតិ ជាមួយនឹងគណបក្សកាន់អំណាច ដែលគ្រប់គ្រងរដ្ឋាភិបាល គ្រប់គ្រងទាំងរដ្ឋសភា ហើយធ្វើវិសោធនកម្មទៅតាមអ្វីដែលជាការចង់បាន នេះជាចំណុចដែលយើងមើលឃើញ។ ការណ៍ទាំងអស់នេះ វាបានបង្ហាញអំពីភាពអវិជ្ជមានមួយចំនួន នៃមន្ត្រីរបស់គណបក្ស ប្រឆាំង គួរតែផ្លាស់ប្តូរ ហើយគួរតែកែប្រែ ហើយគួរតែរៀបចំខ្លួន ហើយធ្វើការតស៊ូមតិដោយចពោះមុខ ចំពោះស្ថានការណ៍ ដោយលើកនូវហេតុផលអំណេះអំណាង ការសិក្សាស្រាវជ្រាវផ្សេងៗ។ មិនគួរណាធ្វើការប្រកួតប្រជែង ឬក៏ធ្វើការសម្តែងមតិពីចម្ងាយដើម្បីសម្តែងនូវក្តីព្រួយបារម្ភអីទេ។ ដូច្នេះលោកគិតថា វាគួរតែជាឱកាសនៅក្នុងការកែប្រែឥរិយាបថ របៀបរបបនៃការធ្វើនយោបាយរបស់ពួកគាត់ ដើម្បីកុំឱ្យរូបភាពនៅដដែលៗ ហើយលទ្ធផលក៏មិនមានការផ្លាស់ប្តូរ។ មានតែមនុស្ស ដែលមានជំងឺសរសៃប្រសាទទេ ឬក៏មនុស្សមិនគ្រប់ទឹកទេ ដែលគិតថា ធ្វើដដែលៗហើយអាចទទួលបានលទ្ធផលថ្មីនោះ ដូច្នេះវាទៅមិនរួចទេ៕
ដោយ៖ពលជ័យ