ទេសាភិបាលធនាគារជាតិនៃកម្ពុជា៖ កាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹងនាំឱ្យតម្លៃទំនិញ និង សេវានានា កើនឡើងភ្លាម
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹងនាំឱ្យតម្លៃទំនិញ និងសេវានានាកើនឡើងភ្លាម ខណៈអតិផរណានៅកម្ពុជា បានកើនឡើងដល់ ៧,២%នៅខែឧសភា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក។ ដោយឡែកវិបត្តិកូវីដ-១៩ បានផ្លាស់ប្តូរឥរិយាបថនៃការធ្វើអាជីវកម្ម ស្របពេលដែលប្រព័ន្ធទូទាត់កម្ពុជា ក៏ត្រូវបានអភិវឌ្ឍន៍ និងធ្វើទំនើបកម្មជាបន្តបន្ទាប់ ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផងដែរ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ។
ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ថា នៅឆមាសទី១ ឆ្នាំ២០២២នេះ ពិភពលោកបានប្រឈមនឹងបញ្ហាថ្មីៗ ក្រោយពីវិបត្តិកូវីដ-១៩ បានធូរស្រាល ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកកើនឡើងយឺតជាងការរំពឹងទុក ដូចជា៖ ការកើនឡើងខ្ពស់នៃអត្រាអតិផរណា ការប្រែប្រួលលំហូរមូលធន និងសម្ពាធលើតម្លៃរូបិយប័ណ្ណនានា។ ការអូសបន្លាយនៃសង្រ្គាម និងការដាក់ទណ្ឌកម្មនានាលើប្រទេសរុស្ស៊ី ធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោកកើនឡើងជាលំដាប់។
ឯកឧត្តម បន្តថា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជា ក៏បានកើនឡើងជាបន្តបន្ទាប់ដល់ ៧,២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ទសវត្សរ៍ចុងក្រោយ។ ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា បានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង។ ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ។
ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ថា ដោយសារបញ្ហាដុល្លាររូបនីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់ និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា។ កាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹងនាំឱ្យតម្លៃទំនិញ និងសេវានានាកើនឡើងភ្លាមផងដែរ ។
ឯកឧត្តម ទេសាភិបាល បានបន្ថែមថា វិបត្តិកូវីដ-១៩បានផ្លាស់ប្តូរឥរិយាបថនៃការធ្វើអាជីវកម្ម គួឱ្យកត់សម្គាល់ទាំងចំពោះ អ្នកផលិត អ្នកលក់ និងអ្នកប្រើប្រាស់ ដោយពឹងផ្អែកកាន់តែច្រើនលើការលក់-ទិញតាមប្រព័ន្ធអនឡាញ ដែលអាចធ្វើឡើងកាន់តែងាយស្រួលទាំងក្នុងនិងក្រៅប្រទេស ។ ស្របតាមការវិវត្តនេះ ប្រព័ន្ធទូទាត់កម្ពុជា ត្រូវបានអភិវឌ្ឍន៍ និងធ្វើទំនើបកម្មជាបន្តបន្ទាប់ ផ្អែកលើការរីកចម្រើនបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដែលលើកកម្ពស់អន្តរប្រតិបត្តិការនិងការតភ្ជាប់ឆ្លងព្រំដែន និងបានពង្រឹងការទូទាត់ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងបានគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផងដែរ។ ប្រព័ន្ធទូទាត់កម្ពុជា ក៏ត្រូវបានបង្កើនវិសាលភាពនៃការតភ្ជាប់ក្នុងតំបន់ ដែលបច្ចុប្បន្ន បានតភ្ជាប់ជាមួយប្រទេសថៃនិងម៉ាឡេស៊ី និងកំពុងតភ្ជាប់ជាមួយប្រទេសឡាវនិងវៀតណាមបន្ថែមទៀត ដើម្បីគាំទ្រពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី ទេសចរណ៍ និងការផ្ទេរប្រាក់របស់ពលករកម្ពុជានៅក្រៅប្រទេស ។
ឯកឧត្តម ជា ចាន់តូ បានបន្ថែមទៀតថា នៅឆ្នាំ២០២២នេះ កម្ពុជា ធ្វើជាប្រធានអាស៊ានក្រោមមូលបទ “អាស៊ាន A.C.T.៖ ការដោះស្រាយបញ្ហាប្រឈមរួមគ្នា” ។ ធនាគារជាតិនៃកម្ពុជា បានបំពេញតួនាទីជាប្រធានកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន និងសហប្រធានកិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន និងអាស៊ាន+៣ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា ប្រកបដោយជោគជ័យ ។ ក្នុងនាមជាប្រធានកិច្ចប្រជុំ ធនាគារជាតិនៃកម្ពុជា បានរួមចំណែកលើកកម្ពស់សមាហរណកម្មហិរញ្ញវត្ថុតំបន់ឱ្យកាន់តែស៊ីជម្រៅ ពង្រឹងស្ថិរភាពនិងជំរុញបរិយាបន្នអាស៊ាន គាំទ្រការប្រើប្រាស់រូបិយវត្ថុតំបន់ និងពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុតំបន់ឱ្យកាន់តែរឹងមាំ ។ ដោយឡែក អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក.) បានបន្តអនុវត្តការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មយ៉ាងសកម្ម តាមរយៈការត្រួតពិនិត្យ និងតាមដានការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ របស់បុគ្គលរាយការណ៍ ការវិភាគនិងបញ្ជូនរបាយការណ៍ ទៅអាជ្ញាធរអនុវត្តច្បាប់ ការចូលរួម និងសម្របសម្រួលការអនុវត្តផែនការ សកម្មភាពរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) និងការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ទាំងក្នុងស្រុកនិងអន្តរជាតិ ៕
ដោយ វ៉េង លីមហួត
![](https://admin.amskh.co/wp-content/uploads/2022/07/photo_2022-07-20_14-23-51-1024x576.jpg)
![](https://admin.amskh.co/wp-content/uploads/2022/07/photo_2022-07-20_14-23-15-1024x576.jpg)
![](https://admin.amskh.co/wp-content/uploads/2022/07/photo_2022-07-20_14-23-17-1024x576.jpg)
![](https://admin.amskh.co/wp-content/uploads/2022/07/photo_2022-07-20_14-23-18-1024x576.jpg)
![](https://admin.amskh.co/wp-content/uploads/2022/07/photo_2022-07-20_14-23-19-1024x576.jpg)
![](https://admin.amskh.co/wp-content/uploads/2022/07/photo_2022-07-20_14-23-20-1024x576.jpg)
![](https://admin.amskh.co/wp-content/uploads/2022/07/photo_2022-07-20_14-23-21-1024x576.jpg)
![](https://admin.amskh.co/wp-content/uploads/2022/07/photo_2022-07-20_14-23-22-1024x576.jpg)
![](https://admin.amskh.co/wp-content/uploads/2022/07/photo_2022-07-20_14-23-23-1024x576.jpg)
![](https://admin.amskh.co/wp-content/uploads/2022/07/photo_2022-07-20_14-23-24-1024x576.jpg)
![](https://admin.amskh.co/wp-content/uploads/2022/07/photo_2022-07-20_14-23-34-1024x576.jpg)
![](https://admin.amskh.co/wp-content/uploads/2022/07/photo_2022-07-20_14-23-36-1024x576.jpg)
![](https://admin.amskh.co/wp-content/uploads/2022/07/photo_2022-07-20_14-23-37-1024x576.jpg)
![](https://admin.amskh.co/wp-content/uploads/2022/07/photo_2022-07-20_14-23-38-1024x576.jpg)