លោក ឡារូវ៖ រុស្ស៊ីនឹងមិនស្នើសុំឱ្យដកទណ្ឌកម្មទេ ប៉ុន្តែចង់ជំរុញឱ្យលោកខាងលិចដោះស្រាយវិបត្តិស្បៀងអាហារសកល
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ នៅថ្ងៃអាទិត្យថ្លែងថា ប្រទេសរបស់លោកមិនស្នើសុំឱ្យមានការដកទណ្ឌកម្មនោះទេ ប៉ុន្តែជំរុញឱ្យរដ្ឋលោកខាងលិចដោះស្រាយបញ្ហា ដែលពួកគេបានបង្កើតទៅលើទីផ្សារស្បៀងអាហារពិភពលោក។
លោក ឡារូវ បន្តថា យើងមិនបានស្នើឲ្យដកទណ្ឌកម្មចេញទេ នោះជាបញ្ហាដែលសមនឹងត្រូវដោះស្រាយដាច់ដោយឡែកពីគ្នា។ យើងនឹងអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងឥឡូវនេះ ដោយពឹងផ្អែកលើដៃគូដែលអាចទុកចិត្តបាន ហើយមិនមែនលើអ្នកដែលធ្លាប់បង្ហាញពីភាពអសមត្ថភាពរបស់ពួកគេម្តងទៀតនោះទេ។
បើនិយាយពីស្បៀងអាហារ សហសេវិកលោកខាងលិចរបស់យើងគួរតែដកចេញនូវឧបសគ្គដែលពួកគេខ្លួនឯងបានបង្កើតឡើង។ ការអត្ថាធិប្បាយខាងលើរបស់ប្រមុខការទូតរុស្ស៊ីរូបនេះ ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីអេហ្ស៊ីបលោក សាម៉េ ហ្ស៊ូគ្រី ក្នុងប្រទេសអេហ្ស៊ីប។
លោក ឡារូវ បន្ថែមថា រុស្ស៊ីនឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងកាលពីថ្ងៃសុក្រ ដើម្បីរំដោះការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទេ ប្រសិនបើបញ្ហានៃការរំដោះការនាំចេញរបស់រុស្ស៊ីមិនត្រូវបានដោះស្រាយ។ រុស្ស៊ីឥឡូវនេះកំពុងពឹងផ្អែកលើអង្គការសហប្រជាជាតិឱ្យប្រកាន់ខ្ជាប់នូវការសន្យារបស់ខ្លួន និងជួយលុបចោលការរឹតបន្តឹងដែលរារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់ទីក្រុងម៉ូស្គូ។
ថ្មីៗនេះលោក ឡារូវ បានចោទប្រកាន់លោកខាងលិចថា មានចេតនារក្សាភាពស្ងៀមស្ងាត់ អំពីផលប៉ះពាល់នៃទណ្ឌកម្ម ដែលទាក់ទងនឹងអ៊ុយក្រែនលើការនាំចេញរបស់រុស្ស៊ី៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា