សហរដ្ឋអាមេរិកបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក សាល់លីវែន កាលពីចុងសប្តាហ៍មុន បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយថា សហរដ្ឋអាមេរិក កំពុងជួយប្រធានាធិបតីអ៊ុយក្រែនរូបនេះ ជាមួយនឹងសន្តិសុខរបស់គាត់។

លោក សាល់លីវែន បានប្រាប់វេទិកាសន្តិសុខ Aspen ក្នុងរដ្ឋ Colorado ថា សុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី ហ្សេលេនស្គី គឺជាអ្វីដែលធ្វើឱ្យយើងព្រួយបារម្ភ។ គាត់គឺជាមេដឹកនាំក្នុងសម័យសង្រ្គាម ដែលកំពុងដោះស្រាយជាមួយសត្រូវនៅក្នុងប្រទេសរុស្ស៊ី ដែលមានភាពឃោរឃៅ ព្រៃផ្សៃ និងមានសមត្ថភាពគ្រប់បែបយ៉ាង។

លោក សាល់លីវែន បន្តថា លោក ហ្សេលេនស្គី បានចាត់វិធានការដោយប្រុងប្រយ័ត្ន ដែលរំពឹងថា នឹងជួយការពារខ្លួនគាត់ ហើយថា សហរដ្ឋអាមេរិកក៏កំពុងជួយសម្រួលដល់សន្តិសុខរបស់មេដឹកនាំអ៊ុយក្រែនរូបនេះផងដែរ ប៉ុន្តេមិនបានបញ្ជាក់លម្អិតទេ។

គួរបញ្ជាក់ថា កន្លងមកលោក ហ្សេលេនស្គី បានអះអាងជាច្រើនលើកថា ឃាតក បានគំរាមកំហែងដល់អាយុជីវិតរបស់គាត់ ហើយមន្ត្រីរបស់គាត់បាននិយាយជាច្រើនលើកថា រុស្ស៊ីមានបំណងចង់សម្លាប់ប្រធានាធិបតី។

យ៉ាងណាមិញ រុស្ស៊ីបានបដិសេធការចោទប្រកាន់ទាំងនេះ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយកាលពីខែមេសាថា លោក ហ្សេលេនស្គី គឺជាប្រធានាធិបតីអ៊ុយក្រែន ហើយរុស្ស៊ីចង់ឱ្យគាត់អង្គុយចុះ និងយល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួនដើម្បីសន្តិភាព៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner