លោក ហ្សេលេនស្គី៖ កងកម្លាំងអ៊ុយក្រែនកំពុងរុលទៅមុខសង្សឹមៗទៅកាន់តំបន់ភាគខាងត្បូង ដើម្បីវាយដណ្តើមយកទីក្រុងខើសុនពីរុស្ស៊ី
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា កងកម្លាំងរបស់លោកកំពុងឈានឆ្ពោះទៅមុខមួយជំហានៗ ទៅកាន់តំបន់ភាគខាងត្បូងដែលកាន់កាប់ដោយរុស្ស៊ីនៅទីក្រុងខើសុន។
ទីក្រុងខើសុន បានធ្លាក់ទៅក្នុងកណ្តប់ដៃកងទ័ពរុស្ស៊ីនៅដើមសង្រ្គាមអ៊ុយក្រែន ហើយស្ថិតនៅលើទីតាំងយុទ្ធសាស្ត្រនៅភាគខាងលិចនៃទន្លេ Dnipro។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មន្ត្រីការពារជាតិអង់គ្លេសបានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្បែរទីក្រុងខើសុន។
ការឈានទៅមុខរបស់អ៊ុយក្រែននេះមានន័យថា ខ្សែផ្គត់ផ្គង់រុស្ស៊ីនៅភាគខាងលិចនៃទន្លេខាងលើ គឺ “កាន់តែមានហានិភ័យ”។ នេះបើតាមការវាយតម្លៃរបស់មន្រ្តីការពារជាតិអង់គ្លេស។
កាលពីដើមខែនេះ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី អៀរីណា វេរ៉េសឈុគ បានជំរុញឱ្យអ្នកស្រុកខើសុន ជម្លៀសខ្លួនចេញពីទីក្រុងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងការជាប់គាំងនៅក្នុងទីក្រុង នាអំឡុងការវាយលុកនៅភាគខាងត្បូងអ៊ុយក្រែន។
លោកស្រីបានប្រាប់ទូរទស្សន៍រដ្ឋថា វាជារឿងចាំបាច់ក្នុងការធ្វើដូច្នេះសម្រាប់កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល ក្នុងអំឡុងពេលប្រតិបត្តិការវាយលុក។
ដោយឡែក ទីប្រឹក្សារដ្ឋាភិបាលរបស់ទីក្រុងខើសុន លោក សឺហ៊ី ខ្លាន បានប្រាប់ទូរទស្សន៍អ៊ុយក្រែន ដោយរំពឹងថា តំបន់នេះនឹងត្រូវបានរំដោះនៅខែកញ្ញាខាងមុខ។ នេះបើតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AFP ៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា