មន្ទីរកសិកម្ម ខេត្តកែប ដាំដើមឈើ ១,២០០ដើម ក្នុងកម្មវិធីបុណ្យ រុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២២នេះ

ខេត្តកែប៖ ក្នុងពិធីអបអរសាទរ រុក្ខទិវា ០៩កក្កដា ឆ្នាំ២០២២នេះ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថ្លែងថា ការប្រារព្ធពិធី រុក្ខទិវា ៩កក្កដា គឺការផ្សព្វផ្សាយ និងបំផុសចលនាឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលរស់នៅក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក៏ដូចជាបណ្ដាភូមិទាំងអស់ក្នុងខេត្តកែប ឱ្យចេះស្រលាញ់ និងយល់ពីសារៈសំខាន់នៃព្រៃឈើ ដែលជាទីជម្រករបស់ មនុស្ស សត្វ និងភពផែនដីទាំងមូល ។

ការប្រារព្ធពិធី រុក្ខទិវា ៩កក្កដា ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២២នេះ មានការដាំដើមឈើសងខាងតាមបណ្ដោយ ផ្លូវអំពេងសន្តិភាព ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ គឺមានប្រភេទឈើកម្រ និងឈើជិតផុតពូជ សរុបចំនួន ១,២០០ដើម (មាន ក្រញូង គគីរ ឈើទាល បេង នាងនួន ធ្នង់ ក្ងោក និងស្ងាវ)ព្រមទាំងបានយកពូជដូង និងខ្នុរការ៉ុត សរុប ១០០ដើម សម្រាប់ប្រគេនតាមបណ្ដាវត្ត និងចែកជូនបងប្អូនប្រជាពលរដ្ឋយកទៅដាំតាមលំនៅដ្ឋានផងដែរ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត មានប្រសាសន៍ថា ពិធីរុក្ខទិវា គឺជាចលនាបំផុសការដាំកូនឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់នៃព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលចលនានេះចាប់មានតាំងពីសម័យសង្គមរាស្ត្រនិយម មកម៉្លេះ។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាខណ្ឌរដ្ឋបាលព្រៃឈើត្រូវសហការ ជាមួយ រដ្ឋបាលក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យតាមដានឡើងវិញ នៅការកាប់ទន្រ្ទានដីព្រៃឈេី ព្រៃលិចទឹក ដីព្រៃសហគមន៍ ដែលជាដីព្រៃរបស់រដ្ឋ ដោយត្រូវអនុវត្តវិធានការច្បាប់ ក្នុងករណីរឹងរូសមិនរាងចាល។ ជាមួយគ្នានេះ សូម ថ្នាក់ដឹកនាំ ឃុំអង្កោល ដែលទើបជាប់ឆ្នោតថ្មីៗ ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ឱ្យបានល្អប្រសេីរ និងបំផុសចលនាថែទាំដើមឈើដែលទើបដាំរួច នៅតាមបណ្តោយផ្លូវនេះឱ្យបានគង់វង់ ស្របតាមចក្ខុវិស័យរបស់ខេត្ត ៕ Sila Sarin

ads banner