គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.) បើកកិច្ចប្រជុំលើកទី១ របស់ខ្លួន បន្ទាប់ពីរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការនេះ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២
(ភ្នំពេញ)៖ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.) បានបើកកិច្ចប្រជុំលើកទី១ ដើម្បីឱ្យសមាជិក គ.ប.ក. ទាំងអស់បានជួបប្រជុំគ្នាជាលើកដំបូង និងបង្ហាញខ្លួន បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៤៧ សសរ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការប្រកួតប្រជែងកម្ពជា ព្រមទាំងដើម្បីពិនិត្យ និងពិភាក្សាលើបទបញ្ជាផ្ទៃក្នុងស្ដីពីរបៀបរបបការងាររបស់ គ.ប.ក. និងការងារពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក. ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ជាច្រើនរូប។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ច្បាប់ស្ដីពីការប្រកួតប្រជែងកម្ពុជាត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខាប្រកាសដាក់ឱ្យប្រើ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ និងបានធ្វើឱ្យបណ្ដារដ្ឋសមាជិកអាស៊ានទាំង ១០ (AMS) មានច្បាប់ស្ដីពីការប្រកួតប្រជែងទាំងអស់គ្នា ដូចបានកំណត់ក្នុងផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៥ ហើយការអនុម័តច្បាប់នេះធ្វើឱ្យកម្ពុជាបានបំពេញកាតព្វកិច្ចមួយរបស់កម្ពុជាសម្រាប់អាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា យោងតាមមាត្រា៤ នៃច្បាប់ស្ដីពីការប្រកួតប្រជែង តម្រូវឱ្យបង្កើតគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាអ្នកទទួលបន្ទុកដឹកនាំ និងត្រួតពិនិត្យការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង ហើយតាមការតម្រូវនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសម្រេចចុះហត្ថលេខា លើអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងបានចេញសេចក្តីសម្រេចលេខ៤៧ សសរ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពជា «គ.ប.ក.» ដែលមានសមាសភាពសរុបចំនួន ១៥រូប ដែល ១០រូបជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និង ៥រូប ជាបុគ្គលឯករាជ្យ (អតីតចៅក្រម ១រូប អ្នកសេដ្ឋកិច្ច ២រូប និងអ្នកច្បាប់ ២រូប) ដែលឆ្លងកាត់តាមការជ្រើសរើស ហើយមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ជាសេនាធិការ ដើម្បីអនុញ្ញាតឱ្យ គ.ប.ក. ទទួលបាននូវសិទ្ធិពេលលេញក្នុងការអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួន។
ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា សម្រាប់ការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ និងដើរតួនាទីជាអ្នកស៊ើបអង្កេត ខណៈដែលគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ជាអ្នកធ្វើសេចក្ដីសម្រេចក្នុងការកំណត់ថា បុគ្គលណាមួយបំពានច្បាប់ ដោយផ្អែកលើភស្ដុតាងដែលផ្ដល់ដោយមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប.។
ដូចនេះ សមាសភាព គ.ប.ក. តម្រូវឱ្យមានការចូលរួមពីបុគ្គលឯករាជ្យអតីតចៅក្រម អ្នកសេដ្ឋកិច្ច និងអ្នកច្បាប់ ដែលមានជំនាញច្បាស់លាស់ចូលរួមធ្វើសេចក្ដីសម្រេចក្នុងការកំណត់បទល្មើសក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ប្រកបដោយភាពត្រឹមត្រូវនិងពេញលេញ។
ទន្ទឹមនឹងការបង្កើតដោយជោគជ័យនូវគណៈកម្មាធិការប្រកួតប្រជែងកម្ពជា «គ.ប.ក.» នេះ ថ្នាក់ដឹកនាំនិងមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ចំនួន ២៨៥រូប បានបំពេញនីតិវិធីសម្បថ នៅតាមបណ្តាសាលាដំបូងរាជធានី-ខេត្ត ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ចប់សព្វគ្រប់ផងដែរ ដើម្បីត្រួតពិនិត្យនិងស៊ើបអង្កេតបទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ហើយបច្ចុប្បន្ននេះ អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាសេនាធិការរបស់គ.ប.ក. បាននិងកំពុងរៀបចំនូវបទប្បញ្ញត្តិមូលដ្ឋានមួយចំនួន សម្រាប់គាំទ្រដល់ដំណើរការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព នឹងបង្កើតនូវទីលានប្រកួតប្រជែងប្រកបដោយស្មើភាពក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីប្រកួតប្រជែងគ្នាតាមរយៈមធ្យោបាយផ្សេងៗ រួមមាន នវានុវត្តន៍ គុណភាពខ្ពស់ និងតម្លៃទាបនៃផលិតផលនិងសេវា ដែលផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់និងធើ្វឱ្យមានកំណើនសេដ្ឋកិច្ចជាតិទៀតផង ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពអនុម័តលើបទបញ្ជាផ្ទៃក្នុងស្ដីពីរបៀបរបបការងាររបស់ គ.ប.ក. ដើម្បីសមាជិក គ.ប.ក. ទទួលអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានបន្តពិភាក្សាលើកិច្ចការផ្សេងៗនៅក្នុងកិច្ចប្រជុំបន្ទាប់៕ ដោយ ៖ ង៉ាន់ ទិត្យ