កម្លាំងនគរបាលបង្ការពន្លត់សង្រ្គោះអគ្គីភ័យ រាជធានីភ្នំពេញ បើកកិច្ចប្រជុំពង្រឹងត្រួតពិនិត្យការងារជួយសង្រ្គោះអគ្គិភ័យខណៈរយៈពេល ០១ខែចុងក្រោយអគ្គីភ័យបានកើតឡើង ០៧លើក
ភ្នំពេញ ៖ កម្លាំងនគរបាលបង្ការពន្លត់និងសង្រ្គោះអគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារបង្ការទប់ស្កាត់អគ្គិភ័យនិងការជួយសង្រ្គោះ ដើម្បីពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅគ្រាដែលគេមើលឃើញថាបញ្ហាអគ្គីភ័យនៅក្នុងរាជធានីភ្នំពេញនៅតែជាបញ្ហាប្រឈមបង្កហានិភ័យគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋនៅខណៈដែលរយៈពេល ០១ខែចុងក្រោយនេះអគ្គិភ័យនៅក្នុងរាជធានីភ្នំពេញបានកើតឡើងចំនួន ០៧លើក បណ្តាលឱ្យឆេះផ្ទះចំនួន ៤៤ខ្នង ឆេះរថយន្ត ០៣គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនផងដែរ ។ ប៉ុន្តែអគ្គិភ័យរយៈពេល ០១ខែចុងក្រោយនេះមិនបង្កគ្រោះថ្នាក់និងរបួសអាយុជីវិតប្រជាពលរដ្ឋនោះឡើយ ។
កិច្ចប្រជុំបានធ្វើឡើងនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែន ការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គិភ័យ ក្នុងនោះមានការចូលរួមពីលោកនាយការិយាល័យជំនាញ លោកនាយរងការិយាល័យ និងមន្រ្តីពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ក៏បានលើកឡើងដាក់ចេញវិធានការមួយចំនួនដល់កម្លាំងបង្ការសង្គ្រោះអគ្គិភ័យដោយបានណែនាំកម្លាំងជំនាញសង្រ្គោះអគ្គិភ័យត្រូវមានមុខដែលបានបែងចែកតាមវេនប្រចាំការ២៤ម៉ោងលើក១៤ម៉ោង រង់ចាំទទួលព័ត៌មាន និងត្រៀមចេញអន្តរាគមន៍ឱ្យបានទាន់ពេលវេលាឆាប់រហ័សក្នុងករណីអគិ្គភ័យកើតឡើងជាយថាហេតុណាមួយនោះ។
លោកឧត្តមសេនីយ៍ស្នងការរង ក៏បានណែនាំឱ្យកម្លាំងត្រូវយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារជួយសង្រ្គោះអគ្គិភ័យ និងបន្តចុះណែនាំប្រជាពលរដ្ឋយល់ដឹងហើយចូលរួមបង្ការទប់ស្កាត់អគ្គិភ័យនិងណែនាំឱ្យមានការថែទាំរថយន្តពន្លត់អគ្គិភ័យនិងសម្ភារៈជាប្រចាំធានាឱ្យការប្រើប្រាស់បានគង់វង់យូរអង្វែង៕ ដោយ / គ្រី សម្បត្តិ




