សិក្ខាកាម ១៩០នាក់ នៃសាលាពលទាហានទី៥ ចូលរួមស្តាប់ការផ្សព្វផ្សាយផែនការណែនាំ ស្តីពីការចាត់តាំងអនុវត្តន៍ការងារអប់រំចិត្តសាស្ត្រ ឆ្នាំ២០២២ របស់កងទ័ពជើងគោក
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ យោធភូមិភាគទី៥ បានផ្សព្វផ្សាយលើឯកសារជំនួយស្មារតី ផែនការណែនាំស្តីពីការចាត់តាំងអនុវត្តន៍ការងារអប់រំចិត្តសាស្ត្រ ឆ្នាំ២០២២ របស់កងទ័ពជើងគោក សភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទស្សនវិស័យអប់រំចិត្តសាស្ត្រ និងភារកិច្ចចំពោះមុខរបស់កងយោធពលភូមិន្ទ ជូនសិក្ខាកាម កំពុងសិក្សារៀនសូត្រនៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ ស្ថិតក្នុងភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ចំនួន ១៩០នាក់ចូលរួមស្តាប់ ។
ឧត្ដមសេនីយ៍ត្រី សួន សុន បានមានប្រសាសន៍ថា អនុវត្តដោយភាពជឿជាក់ និងស្មោះត្រង់គោរពនូវគោលគំនិតរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងយោធភូមិភាគទី៥ សាលាពលទាហានទី៥ បានសហការអនុវត្តជាប់ជាប្រចាំលើការងារអប់រំចិត្តសាស្ត្រ សម្តៅជ្រោងទង់ស្នេហាជាតិ ការពារសន្តិភាព ការពារអធិបតេយ្យភាព មានជំនឿជឿជាក់ ដោយឥតងាករ៉េ លើការប្រមុខថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានការយកចិត្តចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កលក្ខណៈដល់នាយ-ពលទាហាន និងបណ្តាជំនាញអនុវត្តភារកិច្ចរបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរ ។
ឧត្ដមសេនីយ៍ត្រី សួន សុន បានបន្ថែមទៀតថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានជោគជ័យ ។ ទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ មានការតាំងចិត្តខ្ពស់ និងចក្ខុវិស័យច្បាស់លាស់ ក្នុងការធានានូសុខសុវត្ថិភាព សុខមាលភាពជូនប្រជាពលរដ្ឋរស់នៅសុខដុម្យរមនា និងការអភិវឌ្ឍន៍ ព្រមទាំង បានធ្វើឲ្យប្រទេសកម្ពុជាបច្ចុប្បន្នបង្ហាញភាពស្មើរមុខស្មើរមាត់លើឆាកអន្តរជាតិ ទាំងវិស័យសេដ្ឋកិច្ច និងទំនាក់ទំនងការទូត ។
ឧត្ដមសេនីយ៍ត្រី សួន សុន បន្តទៀតថា កម្ពុជាដើរដល់បច្ចុប្បន្ននេះ គឺផ្តើមចេញពីចំនុចសូន្យ និងបាតដៃទទេ រួមមាន 1. រំដោះប្រទេស និងជីវិតប្រជាពលរដ្ឋ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត 2. បញ្ចប់សង្រ្គាមរ៉ាំរ៉ៃផ្ទៃក្នុងតាមរយៈនយោបាយឈ្នះ ឈ្នះ 3. សង្គ្រោះជីវិតប្រជាពលរដ្ឋរួចផុតពីជំងឺកូវីដ-១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ ទន្ទឹមនឹងសមិទ្ធិផលល្អប្រសើរនេះដែរ កងយោធពលខេមរភូមិន្ទ ត្រូវអនុវត្ត និងគោរពបទបញ្ជាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការជំរុញយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច ត្រូវការពារដាច់ខាតច្បាប់រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពារសន្តិភាពឲ្យបានដាច់ខាត និងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ។
ឧត្ដមសេនីយ៍ត្រី សួន សុន បានផ្តាំផ្ញើដល់នាយ-ពលទាហាន និងសិក្ខាមទាំងអស់ចូលរួមអនុវត្តន៍គោលការណ៍នានារបស់ក្រសួងសុខាស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជំងឺអុតស្វា ពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣កុំ ៣ការពារ ជាប់ជាប្រចាំ រីឯចំពោះសិក្ខាកាម និងយោធិនសាលាពលទាហានទី៥ ប្រសិនបើមានករណីមានផ្ទុកសារធាតុញៀនក្នុងជួរកងទ័ព ត្រូវតែកាត់ចេញពីជួរកងទ័ពជាដាច់ខាត ៕ ប្រភព ៖ កងទ័ព






