អកុសល…!បុរសម្នាក់ជិះម៉ូតូលឿនពេក ទៅកៀរខឿនសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួលបោកក្បាលស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវវិថីចោមចៅ លឿនពេកក៏រេចង្កូតទៅកៀរខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យម៉ូតូដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះដឹក យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ តែជាអកុសលដោយសារតែស្ថានភាពរបួសមានលក្ខណៈធ្ងន់ធ្ងរគ្រូពេទ្យមិនអាចជួយសង្គ្រោះបានក៏បាត់បង់អាយុជីវិត ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយវិថីចុងចៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមិនត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថាជាបុរសម្នាក់នេះមានវ័យខ្ទង់២០ឆ្នាំជាង ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CZ-1320 ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌពោធិ៍សែនជ័យ បានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការត្រួតពិនិត្យ រួចបានដឹកសពជនរងគ្រោះយកទៅតម្កល់ទុកនៅក្នុងវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner