ទឹកធ្លាក់ច្រកល្អៀង គឺជារមណីយដ្ឋានដ៏ពេញនិយមនៅខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ទឹកធ្លាក់ ច្រកល្អៀងជាទីកន្លែងរមណីយដ្ឋានដ៏ស្រស់ត្រកាលមួយកន្លែងនៅខេត្តពោធិ៍សាត់ ដែលពោរពេញទៅដោយសម្រស់ធម្មជាតិព្រៃភ្នំ ។
តំបន់រមណីយដ្ឋានមួយកន្លែងនេះ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៧៣ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយ ១៩៥គីឡូម៉ែត ពីរាជធានីភ្នំពេញ ។ រមណីយដ្ឋានដែលមានទឹកធ្លាក់ច្រើនតំណាក់កន្លែងនេះ មានទឹកធ្លាក់ប្រវែងជាង១គីឡូម៉ែត្រ ដែលមានកម្ពស់ទឹក៣០ម៉ែត្រ បច្ចុប្បន្នបានក្លាយជាចំណុចសក្ដានុពលទេសចរណ៍ទាក់ទាញភ្ញៀវមកចូលកម្សាន្តរៀងរាល់ថ្ងៃមិនដែលខាន ។ នៅពេលទៅដល់កន្លែងរមណីយដ្ឋានដែលបានរៀបចំយ៉ាងស្រស់ស្អាតមួយកន្លែងនេះគេនឹងបានឮសម្លេងទឹកធ្លាក់ អមជាមួយនឹងបរិយាកាសស្រស់ត្រកាលធ្វើឱ្យគេចង់ចុះងូតទឹកនិងអង្គុយលំហែកាយនាទីកន្លែងនេះមិនចង់ឃ្លាតឆ្ងាយសោះឡើយ។
នៅក្នុងរមណីយដ្ឋាន មានកន្លែងកម្សាន្តជាច្រើនកន្លែងដោយធ្វើការបែងចែកជាដំណាក់ៗ សម្រាប់ភ្ញៀវទេសចរទស្សនា កម្សាន្តដូចជា៖ ដំណាក់ តាង៉ុក គយ , កោះទាវ ,ដំណាក់កោះយាយចាំតា , ដំណាក់ទឹកឈូរ ,ដំណាក់មនោរម្យ , ដំណាក់ថ្មសណ្តូក , ទឹកជ្រោះដំណាក់ព្រះ , ដំណាក់ម្លប់ជ្រៃក្រឹម ,ដំណាក់កោះសុបិន្ត , ដំណាក់ទឹកធ្លាក់ , ដំណាក់កោះដាច់ និង ដំណាក់កោះភ្ញៀវជាដើម។
លោក ណន ណេន ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀងបានប្រាប់ AMS ឱ្យដឹងថាបច្ចុប្បន្ននេះភ្ញៀវទេសចរចូលមកកម្សាន្តនៅរមណីយដ្ឋាននេះថ្ងៃធម្មតាយ៉ាងហោចណាស់១០០នាក់និងចំថ្ងៃសៅរ៍ អាទិត្យ ចាប់ពី៥០០-១០០០នាក់ ។ ទោះបីយ៉ាងណាលោកថា ចំរដូវភ្លៀងធ្លាក់ខ្លាំងនាពេលនេះភ្ញៀវមិនសូវសម្បូរដូចមុនទេ ។
លោកប្រធានសហគមន៍បានឱ្យដឹងបន្ថែមថានៅតំបន់ទឹកច្រកល្អៀងនេះក្រៅពីមានសក្តានុពលទឹកធ្លាក់ហើយនៅមានដើមឈើជាច្រើនត្រូវរក្សាការពារយ៉ាងល្អបានដូចជា ផ្សឹក សុក្រម គគីរ ខ្លុង ត្បែង ធ្នង់ ស្រឡៅ រាំងភ្នំ កកោះ ផ្តៀក គគីរ ។ល។ ក្រៅពីនេះក៏មានសត្វជាច្រើនទៀតក៏រក្សាការពារបានផងដែរដូចជា សត្វស្វា ឈ្លូស ជ្រូកព្រៃនិងពិសេសសត្វខ្លាក៏នៅមានវត្តមាននៅកន្លែងនេះទៀតផង ។
ទាក់ទិនទៅនឹងជីវភាពប្រជាសហគមន៍វិញត្រូវបានលោក ណន ណេន ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកថ្លាក់ច្រកល្អៀងឱ្យដឹងថា ប្រជាពលរដ្ឋដែលធ្លាប់តែពឹងអាស្រ័យធនធានធម្មជាតិពេលនេះស្ទើរលុបបំបាត់ទាំងស្រុង ដោយសារពូកគាត់យល់ដឹងពីតម្លៃពីព្រៃឈើនិងសត្វព្រៃ ។ ពួកគាត់ងាកមកបម្រើលើវិស័យទេសចរណ៍ក្នុងនេះដូចជាបម្រើសេវាទេសចរណ៍ផ្នែកដឹកជញ្ជូន លក់ដូរ ជាដើម ។
ជាមួយគ្នានេះ លោក សេងចាន់វុទ្ធី សមាជិកសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀងបានឱ្យដឹងថាភ្ញៀវជាច្រើនបានយល់ដឹងពីការចូលរួមថែរក្សាបរិស្ថាន ។ ក្រៅពីនេះសហគមន៍តែងចុះសម្អាត និងទុកដាក់ធុងសំរាមសម្រាប់ភ្ញៀវទេសចរបានត្រឹមត្រូវធ្វើឱ្យរមណីយដ្ឋានកន្លែងនេះមានសភាពស្អាតល្អ និងបរិយាកាសបរិសុទ្ធបែបធម្មជាតិ ។
គួរបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានផ្ទៃដីទំហំ ១៥០ហិតា ស្ថិតនៅតំបន់ការពារធម្មជាតិភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ។ រមណីយដ្ឋានទឹកធ្លាក់កន្លែងនេះ មានខ្យល់ត្រជាក់ ម្លប់ដើមឈើគ្រប់ដណ្តប់គ្រប់កន្លែង ហើយមានទឹកធ្លាក់គ្រប់រដូវ មិនដែលរីងស្ងួត លម្អរដោយផ្ទាំងថ្ម តូចធំតម្រៀបយ៉ាងស្រស់ស្អាតក្នុងទឹក ជម្រៅទឹកអាចលេងកំសាន្តបានយ៉ាងសប្បាយរីករាយដល់មនុស្សគ្រប់វ័យ ៕
ដោយ ៖ ម៉ាដេប៉ូ




























